(ភ្នំពេញ)៖ កីឡាករ សារ៉េត គ្រីយ៉ា សមាជិកក្រុមជម្រើសជាតិកម្ពុជាម្នាក់ ក្នុងចំណោម ៦នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ អំឡុងពេលបំពេញបេសកកម្មជួយក្រុមគោព្រៃកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែនកាលពីថ្មីៗ បានជាសះស្បើយពីជំងឺកាយសាហាវនេះហើយ បន្ទាប់ពីធ្វើតេស្ដ PCR ទទួលបានលទ្ធផលអវិជ្ជមាននៅថ្ងៃនេះ។

បើតាមការបញ្ជាក់របស់កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា និងក្រុមព្រះខ័នរាជស្វាយរៀង បានឲ្យដឹងមុននេះថា សារ៉េត គ្រីយ៉ា ត្រូវបានអនុញ្ញាតឲ្យចេញពីសណ្ឋាគារ ដែលជាកន្លែងសម្រាកព្យាបាលនោះហើយ បន្ទាប់ពីធ្វើតេស្ដ PCR កាលពីម្សិលមិញ និងទទួលបានលទ្ធផលអវិជ្ជមាន នៅថ្ងៃទី១៩ ខែតុលា។ រីឯកីឡាករ ៥នាក់ទៀត នឹងធ្វើតេស្ដ PCR ជាបន្ដបន្ទាប់តាមក្រោយ។

វិសាល បន្ដថា គ្រីយ៉ា បានធ្វើតេស្ដមុន ព្រោះរូបគេបានរកឃើញវិជ្ជមាន និងចូលសម្រាកព្យាបាលមុន តាំងពីមុនការប្រកួតជើងទី១ ជាមួយកោះហ្គាំ (ថ្ងៃទី០៩-តុលា)។ ដូច្នេះបន្ទាប់ពីធ្វើតេស្ដ PCR អវិជ្ជមាន គ្រីយ៉ា ត្រូវបានអនុញ្ញាតឲ្យចេញមុន។ រីឯកីឡាករ ៥នាក់ផ្សេងទៀត នឹងធ្វើតេស្ដតាមក្រោយ ដោយផ្ដើមពីអ្នកចាំទី កែវ សុខសិលា ដែលរកឃើញបន្ទាប់ ខណៈ គួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី និង វិសាល ផ្ទាល់ គ្រោងនឹងធ្វើតេស្ដនាថ្ងៃទី២១ ខែតុលាជាមួយគ្នា។

ក្រោយជាសះស្បើយពីជំងឺ ទោះបី សារ៉េត គ្រីយ៉ា អាចត្រឡប់មកមាតុភូមិវិញបានមុនក៏ពិតមែន តែសមាជិកក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ មិនទាន់ធ្វើដំណើរមកកម្ពុជាវិញនោះទេ ដោយរូបគេបានចេញទៅសម្រាកបន្ដនៅសណ្ឋាគារ ដែលក្រុមជម្រើសជាតិកម្ពុជាបានស្នាក់នៅកាលពីថ្មីៗ ដើម្បីរង់ចាំមិត្តរួមក្រុម ៥នាក់ផ្សេងៗ ជាសះស្បើយ ទើបត្រឡប់មកមាតុភូមិជួបជុំគ្រួសារវិញទាំងអស់គ្នា បន្ទាប់ពីពួកគេបានស្រុះស្រួលគ្នារួចមក។ សឿយ វិសាល បន្ថែម។

យ៉ាងណាមិញមុនឈានដល់ការធ្វើតេស្ដ PCR កីឡាករទាំង ៦រូប រួមទាំង គ្រីយ៉ា សុទ្ធតែបានធ្វើតេស្ដរហ័ស (Rapid Test) រួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានដូចគ្នា។ ទោះបីលទ្ធផលតេស្ដរហ័សនេះ មិនទាន់ជាផ្លូវការ តែវាជាសញ្ញាវិជ្ជមានមួយ សម្រាប់ពួកគេ ក្នុងការត្រៀមធ្វើតេស្ដ PCR នាពេលខាងមុខ ខណៈសុខភាពកីឡាករម្នាក់ៗ បច្ចុប្បន្នគឺធម្មតា មិនមានរោគសញ្ញាអ្វីឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកចាំទី កែវ សុខសិលា កាលពីម្សិលមិញ។

សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើ មាន ៥រូប រកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ លើកលែងតែ សារ៉េត គ្រីយ៉ា ដែលរកឃើញមុនការប្រកួតជើងទី១។ យ៉ាងណាមិញក្រុមគោព្រៃកម្ពុជា បានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង ២ជើងក្នុងលទ្ធផល ៣-១ ដោយជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាកន្លងទៅ៕