(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ពិភពលោក Toyota Motor Corp គ្រោងនឹងវិនិយោគនូវទឹកប្រាក់ចំនួន ៣,៤ពាន់លាន ដុល្លារ អាមេរិកនៅសហរដ្ឋអាមេរិករហូតដល់ឆ្នាំ២០៣០ ដើម្បីបង្កើតក្រុមហ៊ុន និង សាងសង់រោងចក្រផលិតអាគុយថ្មី។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន NIKKEI នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

banner

រោងចក្រផលិតអាគុយថ្មីនេះគឺជារោងចក្រដំបូងរបស់ Toyota ដែលនឹងដំណើរការនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈដែល Toyota គឺជា ក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេបង្អស់នៅលើពិភពលោកដែលបានចូលរួមក្នុងការពន្លឿនការផ្លាស់ប្ដូរពីការផលិតរថយន្តប្រើប្រេងសាំង ទៅជារថយន្ត អគ្គិសនី។

យោងតាមសេចក្ដីថ្លែងការរបស់អ្នកនាំពាក្យក្រុមហ៊ុន Toyota បានឱ្យដឹងថា រោងចក្រផលិតគុយរថយន្តអគ្គីសនីថ្មីនេះនឹងចាប់ផ្ដើម សង្វាក់ផលិតកម្មនៅឆ្នាំ២០២៥ ដោយក្នុងនោះនឹងបង្កើតឱកាសការងារថ្មីបានរហូតដល់ ១៧៥០នាក់ ប៉ុន្តែក្រុមហ៊ុន Toyota មិនបាន បញ្ជាក់ពីទីតាំងដែលនឹងសាងសង់រោងចក្រឡើយ ហើយក៏មិនបញ្ជាក់ឱ្យដឹងអំពីលទ្ធភាពដែលអាចផលិតបានផងដែរ គ្រាន់តែឱ្យដឹងថា ទឹកប្រាក់ដែលត្រូវយកមកវិនិយោគនេះគឺដើម្បីសម្រុកលើការងារផលិតអាគុយ មិនមែនដើម្បីជំរុញការផលិតរថយន្តនោះទេ។

ក្រុមហ៊ុនផលិតរថយន្តធំលំដាប់លេខ១នៅលើពិភពលោកមួយនេះ បានបញ្ជាក់កាលពីខែមុនថា ខ្លួននឹងចំណាយប្រាក់ប្រមាណ ១,៥ទ្រីលានយ៉េន (ប្រហែល ១៣,១ពាន់លានដុល្លារអាមេរិក) រហូតដល់ឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍន៍ និងផលិតអាគុយរថយន្តអគ្គិសនី និងបានរំពឹងទុកថា នឹងទទួលបានចំណែកនៃការលក់រថយន្តអគ្គិសនីបានរហូតដល់ ៧០ភាគរយនៅសហរដ្ឋអាមេរិកនាឆ្នាំ២០៣០ ខណៈដែល បច្ចុប្បន្នមានប្រមាណជិត ២៥ភាគរយ។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន ក្រុមហ៊ុន Ford Motor Co និង SK Innovation Co បានប្រកាសវិនិយោគទុនរួមគ្នាប្រមាណ ១១,៤ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអាគុយ និងរថយន្តអគ្គីសនីនៅតំបន់ Tennessee និង Kentucky ក្នុងទឹកដី សហរដ្ឋអាមេរិក ខណៈដែល General Motors Co ក៏បានបង្ហាញគម្រោងផលិតរថយន្តអគ្គិសនី និងរថយន្តបើកបរដោយស្វ័យប្រវត្តិ របស់ ខ្លួនកាលពីខែមិថុនា ជាមួយនឹងទំហំទឹកប្រាក់នៃការវិនិយោគរហូតដល់ ៣៥ពាន់លានដុល្លារអាមេរិករហូតដល់ឆ្នាំ២០២៥៕