(ភ្នំពេញ)៖ តារាចម្រៀងសិចស៊ី ដែលទើបតែជាសះស្បើយពីជំងឺកូវីដ-១៩ និងមានកម្រិតជីវភាពធ្លាក់ដុនដាបស្ទើរតែហៅលែងឮ កញ្ញា សេង សូណា បានសម្ដែងនូវក្ដីតូចចិត្តអាណិតខ្លួនឯង ដោយនាងបានប្រកាសថា នាងជាអ្នកទីទ័លក្រពិតប្រាកដ ជួបបញ្ហាខ្វះខាតជាក់ស្ដែង ហើយការបង្ហាញឲ្យដឹងជាសាធារណៈបែបនេះ ក៏ពុំមែននាងធ្វើឡើង ដើម្បីជាយុទ្ធសាស្ត្របោកប្រាស់ ឬមានកលល្បិចអ្វីនោះឡើយ ពោលគឺនិយាយចេញពីចិត្តពិតៗ ប៉ុន្តែហាក់ពុំមានអ្នកចាប់អារម្មណ៍ជួយដល់រូបនាងឲ្យខ្លាំងក្លា ដូចជាតារាកំប្លែងអ្នកនាង ខ្ញុង នោះឡើយ។

សេង សូណា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ទោះបីជានាងបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ក្ដី ប៉ុន្តែបញ្ហាជីវភាពសព្វថ្ងៃនេះ គឺនៅតែស្ថិតក្នុងស្ថានភាពមួយលំបាកលំបិន និងខ្វះខាតខ្លាំងដដែល។ ក្នុងនាមនាងជាអ្នកសិល្បៈដូចគ្នា នាងពិតជាមានអារម្មណ៍តូចចិត្ត ព្រោះគ្មានវាសនាដូចជាអ្នកនាង ខ្ញុង ដែលអ្នកសិល្បៈដូចគ្នាបានជួយយ៉ាងច្រើន ហើយលុយដែលជំពាក់គេនោះ គឺដោយសារតែការរកស៊ីខាតបង់របស់ខ្លួនប៉ុណ្ណោះ។

តារាចម្រៀង សេង សូណា និយាយថា «ហេតុអ្វីបានជាបងៗ អ្នកមានមួយចំនួន មិនជួយខ្ញុំដូចបងស្រីខ្ញុង អ៉ីចឹង? ហើយខ្ញុំក៏ជាអ្នកសិល្បៈមួយរូបដែរហ្នឹង ខ្ញុំទ័លខ្ញុំក្រ ហើយខ្ញុំមានជំងឺទៀត សូម្បីតែផ្ទះផ្ទាល់ខ្លួន ក៏គ្មាននៅ ហើយនៅផ្ទះជួលគេ ជិតស្លាប់ទៅវិញហើយ.. ហ៊ី...តូចចិត្តណាស់ ធ្វើម៉េចកើតមកជាតិនេះគ្មានវាសនាដូចគេ ឬក៏ខ្ញុំមិនចេះយំបានជាគេមិនជឿថា ខ្ញុំវេទនាពិតប្រាកដ?»

ក្រៅពីសម្ដែងក្ដីតូចចិត្តអាណិតដល់ខ្លួន ដែលពុំមានវាសនាដូចជាតារាកំប្លែង ខ្ញុង តារាចម្រៀង សេង សូណា ក៏បានប្រកាសទៀតថា នៅពេលនេះប្រសិនបើមានសប្បុរសជនណា ឬមន្ទីរពេទ្យណាមួយ ដែលទទួលពិនិត្យសុខភាពនាង ជាពិសេសពិនិត្យឈាម ដោយមិនគិតថ្លៃ នាងនឹងដឹងគុណ និងអរគុណយ៉ាងខ្លាំង ព្រោះតែពេលនេះនាងគ្មានថវិកា សម្រាប់ការទៅពិនិត្យសុខភាពបន្ថែមនោះទេ។

យ៉ាងណាមិញ ងាកមកតារាកំប្លែង ខ្ញុង ឯណេះវិញ បើទោះបីជាទទួលបាននូវការជួយឧបត្ថម្ភពីអ្នកសិល្បៈ និងមហាជនជាច្រើន ធ្វើឲ្យនាងដោះស្រាយស្ទើររួច នូវបំណុលបានមួយផ្នែកធំក្ដី ប៉ុន្តែរូបនាងក៏ត្រូវបានមហាជន និងអ្នកសិល្បៈដូចគ្នារិះគន់ និងសម្ដែងអារម្មណ៍មិនពេញ បន្ទាប់ពីមហាជន និងអ្នកសិល្បៈបានដឹងថា អ្វីៗដែលខ្ញុងបានធ្វើឲ្យគេអាណិតកន្លងមកនោះ គឺគ្រាន់តែជាយុទ្ធសាស្ត្ររកលុយដោះបំណុលរបស់ខ្លួនតែប៉ុណ្ណោះ។ យុទ្ធសាស្ត្រនេះ ក៏មានអ្នកជួយប្រឹក្សានៅពីក្រោយខ្នង ជួយដល់រូបនាងផងដែរ៕