(តូក្យូ)៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការនាំចេញរថយន្តរបស់ជប៉ុននៅក្នុងខែកញ្ញាបានធ្លាក់ចុះ ៤០,៣ ភាគរយបើធៀបនឹងឆ្នាំមុន ដោយសារតែមានការរំខាននៃសង្វាក់ផ្គត់ផ្គង់នៅអាស៊ីអាគ្នេយ៍ដោយសារជំងឺរាតត្បាតឆ្លងរាលដាលកូវីដ-១៩ ជាពិសេស បញ្ហាធំបំផុតគឺកង្វះខាតបន្ទះឈីបជាសកលដែលនាំឱ្យក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកសម្រេចចិត្តកាត់បន្ថយការផលិត។

យោងតាមសារព័ត៌មាន Nikkei Asia នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការនាំចេញរថយន្តគឺបានធ្លាក់ចុះនៅរយៈពេលមួយឆ្នាំចុង ក្រោយនេះ ហើយនៅក្នុងរយៈពេល៧ខែនៃឆ្នាំនេះក៏នៅតែបន្តធ្លាក់ចុះ ខណៈដែលតួលេខនៃការធ្លាក់ចុះខ្លាំងបំផុតគឺនៅខែមិថុនា ឆ្នាំមុន ពោលគឺ ចំពេលដែលមានការភ្ញាក់ផ្អើល និងផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។

យោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញរថយន្តនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ការងើបឡើងវិញ របស់សេដ្ឋកិច្ចនៃប្រទេសជប៉ុន។

ការធ្លាក់ចុះនៃការនាំចេញរថយន្តនេះផងដែរ បានពន្យឺតកំណើននៃការនាំចេញទំនិញសរុបរបស់ប្រទេសជប៉ុន ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ការនាំចេញទំនិញសរុបមានការកើនឡើងភាគរយពីរខ្ទង់សម្រាប់រយៈពេល ៧ខែជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុ៕