(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចលុបចោលការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ រវាងក្រុម ស.ស.យ. ខេត្តបាត់ដំបង និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ភ្លាមៗ បន្ទាប់ពីរកឃើញកីឡាករខេត្តបាត់ដំបង ៤នាក់ មានវិជ្ជមានកូវីដ-១៩។

ដំបូងឡើយក្រុមទាំងពីរ ត្រូវជួបគ្នានាវេលាម៉ោង ៣រសៀលនេះ នៅកីឡដ្ឋានព្រីនស៍ តែក្រោយពីធ្វើតេស្ដមុនការប្រកួតចំនួន ២លើក រកឃើញកីឡាករខេត្តបាត់ដំបងចំនួន ៤នាក់ មានវិជ្ជមានកូវីដជាបន្ដបន្ទាប់។ ដូច្នេះ CNCC ក៏សម្រេចលុបចោលការប្រកួតនេះតែម្ដង ដោយផ្ដល់ជ័យជម្នះឲ្យខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-០ ដែលនាំឲ្យក្រុមជើងឯករងឆ្នាំចាស់នេះ ទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។

CNCC បានជូនដំណឹងមុននេះថា «ការប្រកួតរវាងក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ប៉ះមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ បានរកឃើញករណីវិជ្ជមាន នៃជំងឺកូវីដ-១៩ លើកីឡាករ ២រូប របស់ក្លិបបាល់ទាត់ ស.ស.យ.ក ខេត្តបាត់ដំបង កាលក្លិបធ្វើតស្តមុនការប្រកួតលើកទី១ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ហើយតេស្តលើកទី២ ក្លិបនៅបន្តរកឃើញកីឡាករ ២រូបបន្ថែមទៀត នៅព្រឹកមុនពេលប្រកួតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១»។

«ដូច្នេះតាមវិធានសុវត្ថិភាពបានដាក់ចេញ និតិវិធីបង្កាហានិភ័យនៃការចម្លង កម្មវិធីអស់ពេលវេលាក្នុងការពន្យាបានតទៅទៀត ព្រមទាំងស្មារតីអង្គប្រជុំបន្ទាន់ រវាង CNCC និងក្រុមទាំងពីរ គឺត្រូវលុបចោលការប្រកួត ហើយលទ្ធផលឈ្នះត្រូវផ្តល់ទៅក្រុមបាល់ទាត់មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ដោយស្វ័យប្រវត្តិ ៣ទល់នឹង០»។

តាមការបញ្ជាក់បន្ថែមលើគេហទំព័រ CNCC យោងតាមការចែងក្នុងបទបញ្ជានៃការប្រកួត ក្នុងករណីក្រុមណាមួយមានកីឡាករតេស្ដឃើញកូវីដ-១៩ ដល់ទៅ ២លើក គូប្រកួតរបស់ពួកគេនឹងទទួលបានជ័យជម្នះ ដោយស្វ័យប្រវត្តិ។ ជាក់ស្ដែងខេត្តបាត់ដំបង បានរកឃើញកីឡាករវិជ្ជមាន ទាំងការតេស្ដលើកទី១ និងលើកទី២ ក្នុងរយៈពេល ៧២ម៉ោង ក៏នៅតែមានអ្នកមានវិជ្ជមាន។ ដូច្នេះខេត្តត្បូងឃ្មុំ ត្រូវបានកំណត់ឲ្យឈ្នះតែម្ដង។

បច្ចុប្បន្នខេត្តត្បូងឃ្មុំ បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ដោយឈរចាំក្រុមទទួលបានជ័យជម្នះ រវាងខេត្តបន្ទាយមានជ័យ និងក្រុមកោះកុងអេហ្វស៊ី ដែលកំពុងដំណើរការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន AEU Sport Park។ ការប្រកួតនេះ ក្រុមឈ្នះ នឹងឡើងទៅជួបអតីតក្រុមជើងឯកឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំ ខណៈក្រុមចាញ់ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ ព្រមទាំងទទួលបានកៅអីលេងពានសម្ដេចតេជោ-ថ្នាក់ជាតិ ជាមួយក្រុមលេខ១ និងលេខ២ ដោយស្វ័យប្រវត្តិផងដែរ៕