(ឡុងដ៍)៖ លីគបាល់ទាត់កំពូលអង់គ្លេស Premier League បានអះអាងថា ប្រមាណ៦៨ភាគរយ នៃកីឡាកររបស់ពួកគេ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញហើយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ។

Premier League បាននិយាយថា ពួកគេបានប្រមូលអត្រាចាក់វ៉ាក់សាំង របស់ក្លិបទាំង២០ ជារៀងរាល់សប្តាហ៍។

«Premier League អាចបញ្ជាក់នៅថ្ងៃនេះថា ៨១ភាគរយ នៃកីឡាករ បានទទួលយ៉ាងហោចណាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី១, ជាមួយនឹង៦៨ភាគរយ ឥឡូវនេះ បានទទួលវ៉ាក់សាំងពេញលេញ», នេះបើតាមលីគ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា មានក្លិបតែ៧ប៉ុណ្ណោះ ដែលលេងនៅលីគកំពូលរបស់អង់គ្លេសនេះ ដែលមានជាង៥០ភាគរយ នៃកីឡាកររបស់ពួកគេ ទទួលបានវ៉ាក់សាំងពេញលេញ។

Premier League បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំង ឲ្យមានការចាក់វ៉ាក់សាំង នៅក្នុងចំណោមកីឡាករ និងបុគ្គលិកក្លិប៕