(ញូវខាសល)៖ លោក Steve Bruce បានលើកឡើងថា តួនាទីរបស់លោក នៅឯក្លិប Newcastle United អាចជាតួនាទី ជាអ្នកចាត់ការចុងក្រោយរបស់លោក បន្ទាប់ពីបុរសវ័យ៦០ឆ្នាំរូបនេះ បានលាឈប់ពីក្លិប នៅថ្ងៃពុធនេះ បន្ទាប់ពីការចាប់ផ្តើមដ៏អាក្រក់ ក្នុងយុទ្ធនាការ Premier League របស់ពួកគេ ហើយក្លិបត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនសម្ព័ន្ធ គាំទ្រដោយអារ៉ាប៊ីសាអូឌីត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ។

Bruce ដែលបានលាឈប់ពីតួនាទី ដោយការយល់ព្រមទាំងសងខាង ជាមួយនឹងក្លិបស្ថិតនៅលំដាប់ទី១៩ ហើយមិនមានជ័យជំនះទាល់តែសោះ បន្ទាប់ពីឆ្លងកាត់៨ប្រកួត។

«ខ្ញុំគិតថា នេះអាចជាការងារចុងក្រោយរបស់ខ្ញុំ», នេះបើតាមសម្តីលោក Bruce បានប្រាប់សារព័ត៌មាន Telegraph។

គួរបញ្ជាក់ថា ការប្រកួតដែល Newcastle ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Tottenham Hotspur ក្នុងលីគ Premier League ដោយបានចាញ់ ក្នុងលទ្ធផល៣-២ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននោះ, គឺជាការដឹកនាំការប្រកួតលើកទី១,០០០ នៅក្នុងអាជីពជាអ្នកចាត់ការរបស់លោក៕