(បាសេឡូណា)៖ ១គ្រាប់ដ៏មានន័យរបស់កីឡាករខ្សែការពារ Gerard Pique បានជួយឲ្យក្លិប FC Barcelona រកបាន ៣ពិន្ទុដំបូងនៅពានអឺរ៉ុប UEFA Champions League ពេលយកឈ្នះក្រុមភ្ញៀវ Dynamo Kyiv មកពីប្រទេសអ៊ុយក្រែន។

១គ្រាប់របស់ខ្សែការពារអន្តរជាតិអេស្ប៉ាញ Pique កើតឡើងនៅនាទី៣៦ ពីការបញ្ជូនរបស់មិត្តរួមក្រុមដែលជាខ្សែការពារដូចគ្នា Jordi Alba រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅទឺកដី Camp Nou ដែលជាជ័យជម្នះ និងជាគ្រាប់ដំបូងផងដែរនៅ UCL នារដូវកាលឆ្នាំ២០២១-២០២២ ក្នុងចំណោមលេង ៣ប្រកួតសន្សំពិន្ទុប្រចាំពូល E ក្រោយចាញ់ Bayern Munich ៣-០ និងបន្តចាញ់ម្ចាស់ផ្ទះ Benfica ក្នុងលទ្ធផលដូចគ្នាទៀត។

នេះក៏ជា ១គ្រាប់ដំបូងរបស់ខ្សែការពារវ័យ ៣៤ឆ្នាំ Pique ផងដែរឲ្យក្លិបអ្នកមានបុណ្យ FC Barcelona នារដូវកាលនេះ ដែលពួកគេឈរនៅលេខរៀងទី៣ តាមពីក្រោយ Benfica របស់ព័រទុយហ្គាល់ ១ពិន្ទុ នៅពេលពួកគេ (Benfica) ក៏បានចាញ់ក្រុមកំពូលតារាង Bayern ៤-០ នាយប់មិញនេះដូចគ្នា។

ក្រុមដែលដឹកដោយលោក Ronald Koeman នឹងត្រូវលេងទល់នឹង Real Madrid ក្នុងជំនួប El Clasico នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅកីឡដ្ឋាន Camp Nou បន្ទាប់ពីទើបយកឈ្នះគូប្រជែង Valencia ៣-១ ផងដែរនៅ La Liga រួចមក៕