(ភ្នំពេញ)៖ សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការពង្រីកនូវបណ្តាញផ្តល់សេវារបស់ខ្លួន ដើម្បីពង្រឹងការគ្របដណ្តប់នៅទូទាំងប្រទេសដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះកើតឡើងបន្ទាប់ពីការដាក់ឱ្យដំណើរការនូវប្រព័ន្ធ 4G ចាប់តាំងពីឆ្នាំ ២០១៧ ដោយការដំឡើងទីតាំងជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។

banner

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា គម្រោងការពង្រីកនូវបណ្តាញបានគ្របដណ្តប់តំបន់ជនបទដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការប្រើប្រាស់ននូវបណ្តាញទំនាក់ទំនងប្រកបដោយគុណភាព និងជាទីទុកចិត្តនៅឆ្នាំ២០២៧។

«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរសហការផ្នែកបណ្តាញសេវាសំខាន់ដើម្បីដាក់បន្ថែមនូវបណ្តាញផ្តល់សេវាថ្មីចំនួន ៥០០ កន្លែងនៅបណ្តាខេត្តចំនួន ៨ ដែលក្នុងនោះមានឃុំចំនួន ១១៦ និងបុរីចំនួន ៥៣ នៅក្នុងតំបន់ជាមួយនឹងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរឡើង។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រោមការណែនាំពី អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន យើងចូលរួមក្នុងចក្ខុវិស័យនៃការធ្វើឱ្យរបស់ប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល។ សែលកាត ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការភ្ជាប់ទំនាក់ទំនងក្នុងជីវភាពរស់នៅដែលកាន់តែមានគុណភាព ពោលគឺលំដាប់ពិភពលោក»។ នេះបើតាមលោកនាយកប្រតិបត្តិ។

លោកបន្តថា ក្រុមហ៊ុននៅតែបន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជានិយ័តករទូរគមនាគមន៍កម្ពុជាសម្រាប់ការពង្រីកបណ្តាញសេវានាពេលអនាគត នៅតាមតំបន់ជនបទដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពនៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង។

លើសពីនេះទៅទៀត សែលកាត បានចូលរូមសហការជាមួយក្រុមហ៊ុន Huawei Technology ក៏បានប្រកាសពីការដាក់ពង្រាយនូវបណ្តាញបច្ចេកវិទ្យាដែលមានកម្រិតខ្ពស់ដើម្បីបង្កើនសមត្ថភាពនិងមានការគ្រប់គ្រងបណ្តាញផ្តល់សេវានៅតាមតំបន់ដាច់ស្រយាលសម្រាប់ការដំណើរការដែលល្អប្រសើរនៅតំបន់ខាងកើតភ្នំក្រវាញ ស្រុកឱរ៉ាល់ ឃុំត្រពាំងជោរ។

បច្ចេកវិទ្យា Huawei RuralStar solution បោះជំហានឆ្ពោះទៅរកការកែលម្អគុណភាពជីវិតរបស់ប្រជាជន នៅតាមតំបន់ដាច់ស្រយាលដោយអនុញ្ញាតឱ្យមានការអប់រំពីចម្ងាយ អាជីវកម្មតាមប្រព័ន្ធអនឡាយ ការកំសាន្តតាមប្រព័ន្ធអនឡាយ និងសេវាកម្មតាមរយៈប្រព័ន្ធឌីជីថលផ្សេងទៀត។ ការរួមបញ្ចូលគ្នានិងការប្រើបា្រស់ចំណាយខ្ពស់ដ៏មានប្រសិទ្ធភាពជាមួយ RuralStar solution ជួយកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងសំខាន់និងកាត់បន្ថយទំងន់មូលដ្ឋាននៃស្ថានីយ៍ ដោយធានាបាននូវភាពងាយស្រួលនៃការដឹកជញ្ជូនដល់ទីកន្លែងនិងការដាក់ពង្រាយយ៉ាងរហ័ស។

លោក ឈិន ប៊ុនថាន អនុប្រធានភូមិសំរោង ហើយក៏ជាអតិថិជនថ្មីរបស់សែលកាត បានថ្លែងថា «វាពិតជាពិបាកសម្រាប់គ្រួសារខ្ញុំនិងប្រជាជននៅក្នុងភូមិខ្ញុំ ដោយសារពួកយើងរស់នៅក្នុងតំបន់ដាច់ស្រយាលពីគេ។ យើងមិនមានសេវាអ៊ីធឺណិតសម្រាប់ប្រើប្រាស់នោះទេ ខណៈពេលដែលតំបន់មួយចំនួនធំផ្សេងទៀតនៅក្នុងប្រទេសអាចប្រើប្រាស់បាន។ ប៉ុន្តែឥឡូវនេះ ជាមួយសែលកាត ខ្ញុំអាចធ្វើការតេជាវីដេអូយ៉ាងរលូន ជាមួយឳពុកម្តាយរបស់ខ្ញុំដែលរស់នៅខេត្តកំពង់ចាម។ វាជាបទពិសោធន៍ដ៏អស្ចារ្យដែលខ្ញុំមិនធ្លាប់មានពីមុនមក»