(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានសន្យានឹងជួយបណ្ដុះបណ្ដាល ក៏ដូចជាចែករំលែកបទពិសោធន៍ នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដល់គណៈកម្មការជំនាញកម្ពុជា ហើយក៏នឹងជួយផ្សព្វផ្សាយ និងជំរុញដំណើរឆ្ពោះទៅស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំ២០២៣ ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC។
ការបញ្ជាក់ខាងលើបន្ទាប់ពីវៀតណាម បានអះអាងចំពោះមុខក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំកាលពីថ្មីៗ ស្របពេលវៀតណាម បានសម្រេចចុងក្រោយ នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ ការណ៍នេះ នាំឲ្យកម្ពុជាចាត់ទុកជាសញ្ញាណវិជ្ជមានដ៏ល្អមួយ ដើម្បីធ្វើតេស្ដ និងដកស្រង់បទពិសោធន៍ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមចំពោះការធ្វើស៊ីហ្គេមនៅវៀតណាមថា គឺជាឱកាសល្អមួយ ដើម្បីវាយតម្លៃបច្ចេកទេស ហើយចាប់យកចំណុចខ្លាំង និងចំណុចខ្សោយរបស់គណៈកម្មការជំនាញកម្ពុជា ដើម្បីបង្កើនគុណផលកីឡាឆ្ពោះទៅឆ្នាំ២០២៣ ដែលជាគោលដៅចុងក្រោយនៃការស្វែងរកភាពជោគជ័យ។ ដូច្នេះលោកបានជំរុញឲ្យគណៈកម្មការ ក៏ដូចជាប្រតិភូពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមខ្លួនចូលរួម បន្ទាប់ពីវៀតណាមបានបើកភ្លើងខៀវដូចខាងលើ។
លោកថា «គណៈកម្មការជំនាញនីមួយៗត្រូវត្រៀមខ្លួន ព្រោះគ្រប់គណៈកម្មការជំនាញកម្ពុជាទាំងអស់ វៀតណាមបានសន្យាថានឹងជួយបណ្ដុះបណ្ដាល ជួយបង្ហាញបទពិសោធន៍ដល់កម្ពុជា ហើយជួយប្រម៉ូត បានន័យថា ជួយផ្សព្វផ្សាយ និងជំរុញស៊ីហ្គេមកម្ពុជាទៀត។ កម្ពុជាអាចទៅធ្វើការប្រម៉ូត ក្នុងស៊ីហ្គេម នៅវៀតណាម នាឆ្នាំក្រោយ អាចធ្វើឧបករណ៍ផ្សព្វផ្សាយផ្សេងៗ ដើម្បីទាក់ទងចំណាប់អារម្មណ៍បណ្ដាប្រទេសទាំងអស់ ក៏ដូចជាទេសចរណ៍ជាដើម ក្នុងស៊ីហ្គេម នៅទីក្រុងហាណូយហ្នឹង»។
លោកបន្ថែមថា «នេះជាឱកាសល្អរបស់កីឡាករ-កីឡាការិនី និងប្រតិភូកម្ពុជា ដែលមានពេលតេស្ដសមត្ថភាព បើវៀតណាមអត់ធ្វើស៊ីហ្គេម ក៏យើងពិបាកក្នុងការវាយតម្លៃសមត្ថភាពពួកគាត់ដែរ ព្រោះយើងបានដាក់ក្នុងយុទ្ធសាស្ដ្ររួចហើយថា ជាយុទ្ធសាស្ដ្របច្ចេកទេស យើងនឹងធ្វើតេស្ដ ក្នុងដំណាក់កាលស៊ីហ្គេមនៅវៀតណាម។ អ៊ីចឹងនេះជាការល្អមួយ សម្រាប់វាយតម្លៃបច្ចេកទេស និងចាប់យកចំណុចខ្លាំង ក៏ដូចជាចំណុចខ្សោយរបស់បច្ចេកទេសយើង បង្កើនគុណផលកីឡា ត្រៀមទៅឆ្នាំ២០២៣ ដែលជាគោលដៅចុងក្រោយ នៃការស្វែងរកជោគជ័យរបស់យើង»។
គួរដឹងថា ស្របពេលវៀតណាមបានធ្វើការអះអាងចុងក្រោយ នឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលដល់វេណខ្លួនធ្វើម្ចាស់ផ្ទះ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ បណ្ដាប្រទេសអាស៊ាន ក៏បានគាំទ្រឲ្យកម្ពុជាធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាចុងឆ្នាំ២០២១ ផងដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់កម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួនដោយផ្លូវការ ពេញសិទ្ធិ និងពេញលក្ខខណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣៕