(ភ្នំពេញ)៖ ផេនដា (Panda) គឺជាសត្វដ៏គួរឲ្យស្រឡាញ់មួយប្រភេទ ឬសម្តៅដល់ខ្លាឃ្មុំម្យ៉ាងដែលជានិម្មិតរូបតំណាងដ៏សំខាន់នៃប្រទសចិន។ តាមរយៈការសិក្សាពីផូស៉ីល បានបង្ហាញថា ខ្លាឃ្មុំផេនដាមានជីវិតនៅលើផែនដីនេះអស់រយៈពេល៨លានឆ្នាំមកហើយ ដែលបានចូលរួមបង្កើតតម្លៃវិទ្យាសាស្ត្រអេកូឡូស៉ី វប្បធម៌ និងសោភ័ណភាព ពិសេសនៅក្នុងដំណើរការប្រវត្តិសាស្ត្រនៃការការពារជីវចម្រុះ ជាគំរូមួយសម្រាប់ការពារប្រភេទសត្វដែលជិតផុតពូជនៅក្នុងពិភពលោក។ សម្រាប់ចិន ខ្លាឃ្មុំផេនដា គឺជាអត្តសញ្ញាណមួយរបស់មហាយក្សនៅអាស៉ីមួយនេះ។

មានចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរស្គាល់ពីខ្លាឃ្មុំផេនដា រួមមាន៖

* ដើមឫស្សីជាអាហារដ៏ចម្បងរបស់ផេនដា៖ ខ្លាឃ្មុំផេនដាស៉ីដើមឫស្សីច្រើនណាស់ ពួកវាចំណាយពេលវេលាលើសពីកន្លះថ្ងៃ ដើម្បីស៉ីអាហារ។ ដើម្បីយល់ថា ហេតុអ្វីបានជាផេនដាស៉ីអាហារច្រើនយ៉ាងនេះ អ្នកគួរតែពិនិត្យឲ្យច្បាស់ពីអ្វីដែលពួកវាចូលចិត្ត នោះគឺឫស្សី។ ឫស្សី គឺជាប្រភេទស្មៅដ៏ធំបំផុត តែជាប្រភពអាហារដែលមានថាមពលតិចតួចបំផុត មានប្រូតេអ៉ីនខ្សោយ (low protein) និងមានជាតិហ្វាយបឺរខ្ពស់ (high fiber) ដែលធ្វើឲ្យពិបាករំលាយក្នុងក្រពះ។ ខ្លាឃ្មុំផេនដាស៉ីដើមឫស្សីប្រមាណ២០ផោនទៅ៤០ផោនក្នុងមួយថ្ងៃៗ។

* ផេនដា មានចំណុចខ្លះស្រដៀងនឹងពួកមំសាសីដែរ៖ ប្រព័ន្ធរំលាយអាហាររបស់ផេនដា ពាក់ព័ន្ធទៅនឹងពួកមំសាសីជាងពួកស៉ីស្មៅជាអាហារ ដែលនេះយើងអាចយល់បានថា ជាមូលហេតុដែលផេនដាមិនងាយរំលាយរុក្ខជាតិបានល្អឡើយ។ ទោះជាយ៉ាងនេះក្តី ពួកវាមានចំណុចពិសេសដែលអាចជួយក្នុងការទំពារដើមឫស្សីយ៉ាងងាយ ខណៈដែលវាមានថ្គាមដ៏មានថាមពល។

* ពេលផ្អាកស៉ីអាហារ ផេនដាសម្រាក និងបន្ទោរបង់៖ ដោយសារតែការរំលាយអាហារមិនបានល្អ លាមករបស់ខ្លាឃ្មុំផេនដា គឺផ្ទុកទៅដោយបំណែកដើមឫស្សីដែលមិនទាន់រំលាយអស់។ ផេនដាបន្ទោរបង់លើសពី១០០ដងក្នុងមួយថ្ងៃៗ និងបង្កជាសំរាមលើសពី៤០ផោនផងដែរ។ ផេនដាក៏ចំណាយពេលច្រើនដើម្បីដេកទៀតផង ព្រោះដោយសារតែរបបអាហាររបស់ពួកវាមានថាមពលតិច។

* កូនខ្ចីរបស់ផេនដា មានទំហំតូចណាស់៖ កូនខ្ចីរបស់ផេនដាកើតមកសុទ្ធតែងងឹតភ្នែក ខ្សោយ និងល្អិតខ្លាំងបំផុត ហើយទម្ងន់ត្រឹមតែប្រមាណ ០.៣១ផោន ខណៈផេនដាញីពេញវ័យមានទម្ងន់ ២២០ផោន។ ហេតុអ្វីបានជាកូនខ្ចីរបស់ផេនដាមានទំហំតូចយ៉ាងនេះ? ចំណីអាហាររបស់មេវា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបកស្រាយសំណួរនេះ។ ព្រោះតែការរំលាយអាហារមានភាពយឺតនោះ មេរបស់ខ្លាឃ្មុំផេនដាមានកម្រិតអុកស៉ីហ្សែនក្នុងឈាមទាប ដូច្នេះកូនផេនដាអាចទទួលបានអុកស៉ីហ្សែនពីខាងក្រៅនៃស្បូន។

* រោមពណ៌ស និងខ្មៅរបស់ផេនដា អាចជួយពួកវាបំបាំងខ្លួន៖ យើងអាចសង្កេតមើលពីចំណីរបស់ខ្លាឃ្មុំផេនដា ដើម្បីជួយឲ្យបានយល់ពីមូលហេតុដែលថាពណ៌របស់វាមានស្ថានភាពនេះ។ ខ្លាឃ្មុំផេនដាមិនរក្សាខ្លាញ់ដើម្បីទុកប្រើក្នុងរដូវរងារដូចសត្វខ្លាឃ្មុំដទៃទៀតឡើយ ហេតុនេះពួកវាត្រូវតែស៉ីដើមឫស្សីរៀងរាល់ឆ្នាំ។ ដោយសារវាតែងតែដើររកដើមឫស្សីមកស៉ីនោះ វាពិបាកនឹងលាក់ខ្លួនដូចសត្វដទៃ។ ដូច្នេះប្រហែលជារោមពណ៌សអនុញ្ញាតឲ្យពួកវាបន្លំក្នុងទីតាំងដែលមានព្រិលធ្លាក់ ហើយរោមពណ៌ខ្មៅអនុញ្ញាតឲ្យពួកវាបន្លំខ្លួននៅទីតាំងដែលមានម្លប់។

កាលពីមុនវិញ ខ្លាឃ្មុំផេនដារស់នៅកន្លែងដែលវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសត្វដទៃចាប់ជាចំណីជាងសព្វថ្ងៃនេះទៅទៀត ដូច្នេះនៅសម័យនោះ ពួកវាប្រហែលជាពឹងផ្អែកខ្លាំងទៅលើសមត្ថភាពបន្លំខ្លួន។ សព្វថ្ងៃនេះ ផេនដាមិនមានគ្រោះថ្នាក់ខ្លាំង ដោយសារសត្វដែលចាប់វាជាចំណីទេ ប៉ុន្តែដោយសារការបាត់បង់ប្រភពអាហារដ៏សំខាន់ នោះគឺដើមឫស្សី។ ដំណឹងដ៏ល្អ គឺថាស្ថានភាពនៃការអភិរក្សខ្លាឃ្មុំផេនដាបានលទ្ធផលល្អខ្លាំងណាស់ ពោលប្រែពីស្ថានភាពងាយរងគ្រោះមកជាអាចអភិរក្សបានវិញ។

ការប៉ាន់ស្មានមួយបង្ហាញថា មានខ្លាឃ្មុំផេនដា១,៨៥០ក្បាលក្នុងប្រទេសចិន ហើយនេះជាចំនួនកើនឡើង១៧ភាគរយ បើធៀបនឹងទសវត្សមុន។ ទោះជាយ៉ាងនេះក្តី ខ្លាឃ្មុំផេនដានៅតែប្រឈមមុខនឹងការគំរាមកំហែងដ៏ចម្បង ដោយសារតែប្រភពចំណី។ ការអភិវឌ្ឍធនធានមនុស្សបានបង្កឲ្យខ្លាឃ្មុំផេនដាទៅរស់នៅតាមតំបន់ភ្នំឆ្ងាយៗ ដែលជាទីដាច់សង្វែងពីដើមឫស្សី។ បន្ថែមលើនេះ ការគំរាមកំហែង ដោយសារការប្រែប្រួលអាកាសធាតុនាំឲ្យមាន ១/៣ នៃដើមឫស្សី ត្រូវបាត់បង់ផងដែរ៕