(ហុងកុង)៖ លោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding Ltd កំពុងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបជាលើកដំបូង ចាប់តាំងពី ក្រុមហ៊ុនរបស់លោកទទួលរងសម្ពាធពីសំណាក់រដ្ឋាភិបាលចិន និងការបាត់មុខលោកជាសាធារណៈជាងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

កំពូលមហាសេដ្ឋីចិនរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីចាក់ចេញពីទីក្រុងហុងកុង ដោយការធ្វើដំណើរការទៅកាន់ បរទេស លើកនេះគឺដើម្បីទៅចូលរួមប្រជុំខាងផ្នែកជំនួញ និងទេសចរណ៍នៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការបញ្ជាក់របស់កាសែត South China Morning Post ដែលជាកម្មសិទ្ធរបស់ Alibaba Group។

កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានធ្វើការរារាំងការចូលផ្សារហ៊ុនរបស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba Group និងបានធ្វើ ការស៊ើបអង្កេតទៅលើក្រុមហ៊ុន Alibaba Group ពាក់ព័ន្ធនឹងករណីជាច្រើន ដោយក្នុងនោះបានផាកពិន័យ Alibaba ជាទឹកប្រាក់ប្រមាណ ២,៨ពាន់លានដុល្លារ ពីបទប្រកួតប្រជែងដោយមិនស្មោះត្រង់ និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីទទួលបានសិទ្ធិផ្ដាច់មុខ៕