(អាមេរិក)៖ ទីភ្នាក់ងារគ្រប់គ្រងការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេសបានពិន័យក្រុមហ៊ុន Facebook ចំនួន ៥០,៥លានផោន (៦៩,៦ លានដុល្លារអាមេរិក) ពីបទរំលោភលើបទបញ្ជាដែលបានដាក់ក្នុងកំឡុងការស៊ើបអង្កេតលើការទិញបណ្ដាញសង្គមរូបភាព gif ដែលមានឈ្មោះថា Giphy។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បាននិយាយថា Facebook មានចេតនាមិនគោរពតាមបទបញ្ជារបស់ខ្លួន ហើយការពិន័យនេះ គឺជាការព្រមានថា «គ្មានក្រុមហ៊ុនណាមួយនៅពីលើច្បាប់ឡើយ»

CMA បានបញ្ជាក់ថា ក្រុមហ៊ុន Facebook បានខកខានក្នុងការធ្វើបច្ចុប្បន្នភាពពេញលេច និងអនុវត្តទៅតាមអនុលោមនៃច្បាប់ប្រកួតប្រជែង ខណៈដែលការស៊ើបអង្កេតលើកិច្ចព្រមព្រៀងទិញលក់រវាង Facebook និង Giphy ត្រូវបានផ្អាក់ និងស្ថិតក្រោមការស៊ើបអង្កេត។

លោក Joel Bamford អគ្គនាយកជាន់ខ្ពស់របស់ CMA បាននិយាយថា Facebook មានចេតនាមិនបង្ហាញឯកសារ ក៏ដូចជាភស្ដុតាងមួយ ចំនួន ពាក់ព័ន្ធនឹងការទិញក្រុមហ៊ុន Giphy បើទោះបីជា CMA បានស្នើសុំជាច្រើនដងឱ្យ Facebook បង្ហាញឯកសារ។

ក្រុមហ៊ុន Facebook បានប្រកាសថាខ្លួនបានទិញកម្មវិធី Giphy របស់ចក្រភពអង់គ្លេសកាលពីខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងតម្លៃរហូត ដល់ ៤០០លានដុល្លារ និងបានប្រកាសថា ក្រុមការងាររបស់ Giphy ទាំងអស់នឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមការងារ Instagram ហើយការ ទិញលក់មួយនេះបានធ្វើឱ្យនិយ័តករអង់គ្លេសមើលឃើញថាមានភាពមិនប្រក្រតីទើបបើកការស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន Facebook នឹងប្ដូរឈ្មោះថ្មីនៅសប្ដាហ៍ក្រោយ ឬបង្កើតស្លាកសញ្ញាក្រុមហ៊ុន ថ្មី ដើម្បីគ្រប់គ្រង់អាជីវកម្មរបស់ Facebook ទាំងមូល ដែលវាមានលក្ខណៈស្រដៀងគ្នាទៅនឹង Google ដែលមានក្រុមហ៊ុន Alphabet Inc ជាអ្នក គ្រប់គ្រង៕