(មេនឆើស្ទើ)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានតែតចុងម៉ោងដ៏អស្ចារ្យជួយឲ្យក្រុម Manchester United វាយបកយកឈ្នះក្រុមមកពីអ៉ីតាលី Atalanta ក្នុងក្របខណ្ឌកំពូលអឺរ៉ុប Champions League ក្នុងលទ្ធផល ៣ទល់នឹង២ ដែលការប្រកួតបានប្រព្រឹត្តទៅនៅរាត្រីឈានចូលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ម៉ោង ២៖០០នាទី (ម៉ោងនៅកម្ពុជា)។

បើតាមការផ្សាយដោយសារព័ត៌មាន CNN គឺក្លិបនៅអង់គ្លេស ចាប់ផ្តើមមិនសូវល្អឡើយនៅតង់ទី១ ខណៈកីឡាកររបស់ក្លិបនៅអ៉ីតាលីរួមមាន Mario Pasalic និង Merih Demiral រកបានមួយគ្រាប់ម្នាក់ជួយឲ្យ Atalanta នាំមុខ Manchester United រហូតដល់ចប់តង់។

លុះចូលតង់ទី២ វិញ កីឡាករ Marcus Rashford រកបាន ១គ្រាប់ បន្ទាប់មក Harry Maguire រកបាន ១គ្រាប់ទៀតធ្វើឲ្យក្រុម Manchester United មានក្តីសង្ឃឹមឡើងវិញ ខណៈ Cristiano Ronaldo តែតនៅក្នុង ៨នាទី មុនបញ្ចប់ការប្រកួត ដែលបានធ្វើឡើងនៅកីឡដ្ឋាន Old Trafford។

ការរកបាន ១គ្រាប់នេះ ធ្វើឲ្យកីឡាករវ័យ ៣៦ឆ្នាំ រកបានចំនួន ១៣៧គ្រាប់នៅក្នុងក្របខណ្ឌ UCL គ្រាដែលវាក៏ជាជ័យជម្នះជួយឲ្យក្លិប ឡើងទៅកាន់កំពូលតារាងក្នុងពូល F ជាបណ្តោះអាសន្នផងដែរដោយមាន ៦ពិន្ទុ ពីការប្រកួត ៣លើករបស់ពួកគេ៕