(ភ្នំពេញ)៖ សមាជិកម្នាក់ទៀត នៃក្រុមជម្រើសជាតិកម្ពុជា គឺអ្នកចាំទី កែវ សុខសិលា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីធ្វើតេស្ដ PCR ទទួលបានលទ្ធផលអវិជ្ជមាន នៅរសៀលថ្ងៃទី២១ ខែតុលានេះ ខណៈកីឡាករ ៤នាក់ទៀត រួមមាន គួច សុកុម្ភៈ, សឿយ វិសាល, ចាន់ វឌ្ឍនាកា និង អ៊ាន ពិសី កំពុងរង់ចាំលទ្ធផលធ្វើតេស្ដ PCR ក្រោយធ្វើតេស្ដរួចរាល់ កាលពីព្រឹកមិញ។

អ្នកចាំទីរួមចំណែកជួយក្រុមគោព្រៃកម្ពុជា ឈ្នះកោះហ្គាំ ១-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 បានឲ្យដឹងថា ខ្លួនបានធ្វើតេស្ដ PCR កាលពីម្សិលមិញ មុនទទួលបានលទ្ធផលអវិជ្ជមាននៅរសៀលថ្ងៃនេះ។ ដូច្នេះគេត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល ហើយ សិលា នឹងទៅស្នាក់នៅសណ្ឋាគារជាមួយ សារ៉េត គ្រីយ៉ា ដែលជាសះស្បើយមុន ដើម្បីរង់ចាំមិត្តរួមក្រុម ៤នាក់ផ្សេងទៀត។

សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើ មាន ៥រូប រកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ លើកលែងតែ សារ៉េត គ្រីយ៉ា ដែលរកឃើញមុនការប្រកួតជើងទី១ ។ យ៉ាងណាមិញក្រុមគោព្រៃកម្ពុជា បានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង ២ជើងក្នុងលទ្ធផល ៣-១ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាកន្លងទៅ៕