(អាមេរិក)៖ អតីតរាជនីចម្រៀងប៉ុបរបស់អាមេរិក គឺ Britney Spears ថ្មីៗនេះ ត្រូវបានគេប្រទះឃើញ បណ្តើរគូដណ្តឹងរបស់នាង ឈ្មោះ Sam Ashhari ទៅមើលវិមានដ៏ស្កឹមស្កៃមួយកន្លែង តម្លៃរហូតដល់ ១៦.៥លានដុល្លារអាមេរិក នៅឯ Hidden Hills រដ្ឋ California ខណៈការបណ្តើរគ្នាយ៉ាងត្រសងរបស់ Britney Spears និងគូស្នេហ៍នៅពេលនេះ គឺបន្ទាប់ពីនាងទទួលបានសិទ្ធសេរីភាពឡើងវិញ ពោលគឺបានរួចផុតពីការគ្រប់គ្រងរបស់ឪពុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dialy Mail នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

Britney Spears ដែលបច្ចុប្បន្នមានវ័យ៣៩ឆ្នាំ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថ្មីៗនេះ បានជិះរថយន្ត Mercedes-Benz ពណ៌សមួយគ្រឿងជាមួយគូស្នេហ៍ ឈ្មោះ Sam វ័យ២៧ឆ្នាំ ទៅគយគន់មើលវិឡាដ៏ស្កឹមស្កៃ នៅឯ Hidden Hills រដ្ឋ California ខណៈផ្ទះវិឡានោះ ត្រូវបានទិញដោយ Jeffree ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ១៤.៦លានដុល្លារអាមេរិក ត្រូវបានសាងសង់លើផ្ទៃដីជិត ២,០០០ ម៉ែត្រការ៉េ រួមទាំងបន្ទប់គេង៧, បន្ទប់ទឹក១៣, បន្ទប់មើលកុន, បន្ទប់កម្សាន្ត, បន្ទប់ញ៉ាំស្រា, កន្លែងហាត់ប្រាណស្ប៉ាជាដើម។ លើសពីនេះ វិមានទាំងមូលមានរចនាបទដ៏ប្រណិតអស្ចារ្យ ដែលជាកន្លែងរស់នៅដ៏ល្អសម្រាប់គ្រួសារសិល្បករ។ រហូតមកទល់នឹងបច្ចុប្បន្ន វិឡានេះត្រូវបានគេដឹងថា មានតម្លៃ ១៦.៥លានដុល្លារអាមេរិក។

ជាការកត់សម្គាល់ Britney Spears បានរស់នៅផ្ទះចាស់របស់នាង ក្នុងរដ្ឋ California អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈផ្ទះចាស់នោះក៏មានទំហំធំទូលាយ និងមានបំពាក់បរិក្ខាយ៉ាងពេញលេញ ប៉ុន្តែផ្ទះចាស់នោះ ត្រូវបានគដឹងថា បានរក្សានូវអនុស្សាវរីយ៍ដ៏ក្រៀមក្រំជាច្រើន នៅពេលដែលនាងមានជំងឺផ្លូវចិត្ត និងស្ថិតក្រោមការគ្រប់គ្រងដោយឪពុកបង្កើតរបស់នាង អស់រយៈពេលជាច្រើនឆ្នាំ។ ទើបតែថ្មីៗនេះ នាងត្រូវបានតុលាការសម្រេចឲ្យមានសេរីភាពឡើងវិញ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលទៀតឡើយ។

គួរជម្រាបថា បន្ទាប់ពីត្រូវបានដោះលែងពីការគ្រប់គ្រងការពាររបស់ឪពុក Britney Spears បានសម្រេចចិត្តលក់ផ្ទះចាស់របស់នាងចោល ដើម្បីផ្លាស់ទៅកន្លែងថ្មី។ ជាមួយគ្នានេះ តារា Pop រូបនេះ ក៏ចង់ស្វែងរកផ្ទះថ្មី សម្រាប់នាងនិង Sam Asghari បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាផងដែរ៕