(ភ្នំពេញ)៖ ក្រោយពីសម្រេចបាននូវការផលិតវីដេអូបែបទេសចរណ៍ (កម្មវិធីដំណើរខ្ញុំ) ជាច្រើនរួចមកនោះ ក្រុមការងារ Fresh Studio បានបង្កើតកម្មវិធីថ្មីមួយទៀត គឺបេសកកម្ម Fresh Adventure ដែលជាកម្មវិធីពិសេសជាងកម្មវិធីមុនៗ ដោយយើងនឹងរុលឱ្យកាន់តែជ្រៅ ចូលទៅដល់តំបន់ទេសចរណ៍ បែបផ្សងព្រេងថ្មីៗដែលមិនធ្លាប់មាន ឬមិនសូវមានអ្នកទេសចរទៅដល់ ហើយផលិតជាវីដេអូយកមកចាក់ផ្សាយតាមរយៈបណ្តាញព័ត៌មាន Fresh News !

ព្រៃភ្នំក្រំថ្មនុភាកាសា ទឹកជ្រោះថ្មដាប្រាសាទវិល័យ ឧទ្យានធម្មជាតិសោភ័ណប្រពៃ សាគរធំក្រៃស្រមៃកោះឆ្នេរ។ គោលដៅទាំងនេះគឺជាអ្វីដែលបេសកកម្ម Fresh Adventure នឹងតម្រង់ទៅរក។ យើងខ្ញុំនឹងលាយបញ្ចូលនូវចំណេះដឹងដែលពើបប្រទះនៅតាមមូលដ្ឋាន ព្រមទាំងគន្លឹះនិងបទពិសោធន៍ជាក់ស្ដែង ដើម្បីផ្ដល់ជូនទស្សនិកជន ក៏ដូចជាភ្ញៀវទេសចរបានយល់ដឹងបន្ថែមផងដែរ។

បេសកកម្មថ្មីនេះក៏ជាការរួមចំណែកក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ថ្មីៗនៅប្រទេសកម្ពុជា ពិសេសគឺគោលដៅទេសចរណ៍បែបផ្សងព្រេង បទពិសោធន៍នៃការពុះពារឧបសគ្គ តាមរយៈការផ្តិតយករូបភាព និងវីដេអូស្ដែងអំពីទេសភាព សោភ័ណភាព ក៏ដូចជាភាពទាក់ទាញនានានៅតាមគោលដៅទាំងនោះ យកមកបង្ហាញជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិបានទស្សនាកម្សាន្ត ឬអាចឈានដល់ការរៀបចំគម្រោងទៅកាន់គោលដៅទាំងនោះ។

គោលបំណងធំរបស់ក្រុមការងារ Fresh Studio ក៏ដូចជាបណ្ដាញព័ត៌មាន Fresh News ដែលចុះបេសកកម្ម Fresh Adventure នេះ គឺដើម្បីនាំយកផលប្រយោជន៍ជូនប្រជាសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ នៅពេលដែលមានភ្ញៀវទេសចរចង់ទៅលេង ពិសេសគឺរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍នានានៅកម្ពុជាផងដែរ។

Fresh Studio សង្ឃឹមយ៉ាងមុតមាំថា ទស្សនិកជន ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមានការគាំទ្រដល់បេសកកម្មថ្មីនេះ ហើយសូមចូលរួមទស្សនាវីដេអូរបស់យើងខ្ញុំទាំងអស់គ្នា ដែលនឹងមានចាក់ផ្សាយ និងផ្សព្វផ្សាយនៅគ្រប់បណ្ដាញទាំងអស់របស់ Fresh News៕

កុំភ្លេចណា! បេសកកម្ម Fresh Adventure នាំលោកអ្នកទៅកាន់គោលដៅទេសចរណ៍ផ្សងព្រេង តែ Happy Ending!៕