(ភ្នំពេញ)៖ សមាគមសហពន្ធ័ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានប្រកាសដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន សម្រាប់កម្មវិធី Camtech ឆ្នាំ ២០២១ ដើម្បីទទួលបានការចូលរួមជាសកល ក្នុងការលើកកម្ពស់ខាងផ្នែកបច្ចេកវិទ្យាកម្ពុជា និងដើម្បីផ្សព្វផ្សាយព័ត៌មាន ដែលមានប្រភពពីអ្នកជំនាញ ដល់សាធារណជន វិស័យឯកជន និងអាជីវកម្មនៅក្នុងស្រុក ។

អង្គភាព Fresh News រួមនឹងបណ្តាញព័ត៌មាន២ទៀតរួមមាន Khmer Times និង Cambodia Investment Review បានក្លាយជាដៃគូប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកជាផ្លូវការមាន ។ ការសហការរវាង CAFT និងដៃគូប្រព័ន្ធផ្សព្វផ្សាយនេះ កំពុងឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ CAFT ក្នុងការបម្រើជាសំឡេងរួម ក្នុងការផ្តល់ព័ត៌មាន និងជំនាញពាក់ព័ន្ធដែលនឹងជួយធានា ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ PRNewswire គឺជាដៃគូផ្សព្វផ្សាយអន្តរជាតិរបស់ CAFT និង CAMTECH Summit ដែលជាបណ្តាញចែកចាយព័ត៌មានទូទាំងពិភពលោកគ្មានគូប្រៀប។

លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃ CAFT បានមានប្រសាសន៍ថា «ជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ CAFT សម្រាប់កម្មវិធី Camtech បានផ្តល់ជូនសាធារណជន នូវប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ យើងពិតជារំភើប និងអរគុណយ៉ាងខ្លាំង ចំពោះការសហការយ៉ាងសកម្មពីសំណាក់ដៃគូប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិ។ យើងប្រាកដក្នុងចិត្តថា ការសហការពីសំណាក់ដៃគូប្រព័ន្ធផ្សព្វផ្សាយនេះ នឹងធ្វើឱ្យវិសយ័បច្ចេកវិទ្យា និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា នឹងលេចមុខបោះសម្លេង ក្នុងឆាកអន្តរជាតិជាមិនខាន»

សូមជម្រាបថា ព្រឹត្តិការណ៍ Camtech Summit ត្រូវបានរៀបចំឡើងដោយ សមាគមសហពន្ធ័ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា សហការជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតឡើងនូវព្រឹត្តិការណ៍ Camtech ដែលមានដៃគូរជាមួយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសសិង្ហបុរី (MAS) សម្រាប់ព្រឹត្តិការណ៍ World FinTech Festival ។ ព្រឹត្តិការណ៍នេះមានរយៈពេល ៥ ថ្ងៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨-១២ ខែវិច្ឆិកាឆ្នាំ ២០២១ ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ +855968712304 ឬអ៊ីមែល [email protected] ។ អ្នកអាចចូលមើលគេហទំព័រ Camtech តាមរយៈ www.camtechsummit.com សម្រាប់ព័ត៌មានលម្អិត៕