(ភ្នំពេញ)៖ រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចាប់ដំណើរការផលិតកម្មស្រាបៀរ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រារព្ធ «ពិធីផលិតស្រាបៀរលើកដំបូង» ក្នុងបរិវេណរោងចក្រផ្ទាល់ដែលមាន ទីតាំង នៅលើផ្លូវលេខ ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពី ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងតំណាងសមាគមចិនផងដែរ។

បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសម្រេចការសាងសង់តាមការគ្រោងទុកដោយប្រើពេលត្រឹមតែ ៤៨៣ថ្ងៃ ប៉ុណ្ណោះ ទោះស្ថិតក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ក្តី ហើយបានរួមចំណែកជួយបន្តផ្តល់ការងារដល់បុគ្គលិក និងកម្មករ ជាង ១០០០នាក់ រហូតមកទល់បច្ចុប្បន្ន។

ដោយបានអនុលោមតាមបទប្បញ្ញតិ្តពាក់ព័ន្ធជាធរមាន នាពេលនេះ វឌ្ឍនៈ ប្រ៊ូវើរី បានសម្រេចឈានដល់ដំណាក់កាលផលិតស្រាបៀរជាលើកដំបូងរបស់ខ្លួន ជាមួយនិងសមត្ថភាពផលិតរហូតដល់ ៧៦លានកេស ក្នុងមួយឆ្នាំនាពេលខាងមុខ ហើយនៅពេលដំណើរការផលិតកម្មបានពេញលេញ និងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជារហូតដល់ ១,៥០០នាក់ និងផ្តល់ឱកាសការងារដោយប្រយោលជាច្រើនផ្សេងទៀត។

វត្តមាននៃរោងចក្រសា្របៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើប សម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែក ជាពិសេសគឺជួយជំរុញការលើក កម្ពស់ គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងន័យនេះ ដើម្បីតបស្នងឱ្យសមទៅនឹងការគាំទ្រជឿជាក់ ក៏ដូចជា រាល់ការចំណាយរបស់អតិថិជន វឌ្ឍនៈ ប៊្រូវើរី បានប្តេជ្ញាផលិតស្រាបៀរជាតិ ដោយផ្តល់ជូននូវគុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ប្រកបដោយគុណភាពខ្ពស់មានដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ មុននឹងនាំចូលមករោងចក្រ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រ បច្ចេកវិជ្ជាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។

សមិទ្ធផលដែលកើតចេញពី ការប្តេជ្ញាចិត្តវិនិយោគយ៉ាងមោះមុត ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាល ជំងឺកូវីដ-១៩ នាពេលនេះ គឺជាផ្លែផ្កាថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ - ២០២៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនៃការសាងសង់រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវភាពជឿជាក់ និងឈរលើគោលជំហររួមចំណែករបស់វិនិយោគិនក្នុងស្រុក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ទោះស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមបែបណាក៏ដោយ។

រោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ ធ្វើការវិនិយោគលើវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារ វិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀតនៅក្នុងទីផ្សារប្រទេសកម្ពុជា។ គេអាចកត់សម្គាល់បានថា គ្រប់ការវិនិយោគរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៃ វឌ្ឍនៈ គ្រុប តាំងពីដើមរៀងមក គឺតែងតែឈរលើគោលការណ៍ដែលផ្តល់នូវគុណភាព និងសេវាកម្មល្អឯកសម្រាប់ជាគុណតម្លៃស្នូលជានិច្ច។

សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិដែលមានមោទនភាពចំពោះ យថាភូតភាព ស្មារតីជាសហគ្រិន ការផ្ចិតផ្ចង់លើគុណភាព វប្បធម៌ និងធនធានមនុស្សរបស់ខ្លួន។ ការគិតគូរចំពោះអតិថិជនជាចម្បង គឺជាកត្តាអាទិភាពដែលជំរុញឱ្យពួកយើងផលិតស្រាបៀរដ៏ល្អឯក តាមរយៈការប្រើគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជាមួយនឹងការបំពាក់នូវសម្ភារបរិក្ខារផលិត និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយធ្វើការវិនិយោគលើវិស័យជាច្រើនរួមមាន វិស័យលក់រាយ វិស័យអចលនទ្រព្យ សួនឧស្សាហកម្ម វិស័យធនាគារ វិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ និងហ្គោលរីសត) វិស័យសំណង់ វិស័យម្ហូបអាហារ និងវិស័យអប់រំ ជាដើម៕