(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដែលសហការជាមួយព្រះសង្ឃ បានរួមគ្នាដាំកូនឈើប្រមាណ២,០០០ដើម នៅបរិវេណវត្តឥន្ទបត្តបុរី (អង្គរខាងជើង) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្រែទីនោះឱ្យក្លាយទៅជាសួនទេសភាពវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ព្រះសង្ឃ និងមន្រ្តី បុគ្គលិកជាអង្គ/នាក់ទៀត។

លោក ឡុង កុសល បានឱ្យដឹងថា ការរៀបចំដាំកូនឈើនៅវត្តឥន្ទបត្តបុរីពេលនេះ មិនមែនសំដៅតែលើការលើកតម្លៃទេសភាពវប្បធម៌ ដែលពាក់ព័ន្ធជាមួយវត្តអារាមនៅទីនោះឡើយ សំខាន់គឺការផ្សារភ្ជាប់ការរៀបចំទីអារាមនេះទៅក្នុងតម្លៃលេចធ្លោជាសាកលរបស់រមណីយដ្ឋានអង្គរ ដែលរមណីយដ្ឋាននេះមិនត្រឹមតែជាអត្តសញ្ញាណជាតិរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។

លោក យក់ ប៊ុនណា បានវាយតម្លៃខ្ពស់ចំពោះពិធីដាំកូនឈើនៅពេលនេះថាជាការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ក្នុងក្របខណ្ឌកែលម្អបរិស្ថានក្នុងតំបន់អង្គរ ពីព្រោះថាដើមឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងបរិស្ថាន។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាបានដាំដុះដើមឈើឡើងវិញនៅក្នុងបរិវេណឧទ្យានអង្គរ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ កូនឈើប្រណីតៗមានឈើបេង នាងនួន ធ្នង់ គ្រញូង និងកូនឈើចម្រុះជាច្រើនទៀតសរុបប្រមាណជាង២លានដើមហើយ ដែលអាជ្ញាធរជាតិអប្សរាបានដាំនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏មានស្ថានីយបណ្តុះកូនឈើចំនួន១០ទីតាំង ដែលមានលទ្ធភាពបណ្តុះកូនឈើជាច្រើនម៉ឺនដើមក្នុងមួយឆ្នាំៗ ដើម្បីដាំដុះនិងចែកជូនសាធារណជនផង៕