(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla បានប្រកាសបង្ហាញរបាយការណ៍ប្រាក់ចំណូល និងចំណេញត្រីមាសទី៣ ឆ្នាំ២០២១ ដោយ ទទួលបានច្រើនជាងការរំពឹងទុក ជាពិសេសគឺបញ្ហាកង្វះខាតបន្ទះឈីបជាសកលមិនបានរារាំង និងប៉ះពាល់ដល់ការលក់រថយន្តរបស់ Tesla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

នៅក្នុងរយៈពេល៣ខែគិតត្រឹមចុងខែកញ្ញា ក្រុមហ៊ុន Tesla បានរាយការណ៍មកថា ខ្លួនទទួលបានប្រាក់ចំណេញរហូតដល់ ១,៦២ពាន់លានដុល្លារ អាមេរិក ដែលជាចំនួនខ្ពស់បំផុត និងច្រើនជាងទ្វេដងបើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំមុនមានត្រឹមតែ ៣៣១លានដុល្លារ អាមេរិកប៉ុណ្នោះ។

ក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីដែលឈានមុខគេមួយនេះរកប្រាក់ចំណូលសរុបបានចំនួន ១៣,៧៦ពាន់លានដុល្លារអាមេរិក ហើយបើធៀបទៅនឹងឆ្នាំមុនគឺកើនឡើងប្រមាណជា ៥៧ភាគរយ ដែលវាជាកំណត់ត្រាមមួយខ្ពស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាមេរិកផងដែរ។

បើទោះបីជាត្រីមាសទី៣នេះ ក្រុមហ៊ុន Tesla ទទួលបានប្រាក់ចំណេញខ្ពស់ក្ដី ប៉ុន្តែក៏ជួបនូវបញ្ហាមួយចំនួនដូចជា កង្វះឧបករណ៍អេឡិចត្រូនិក ការកកស្ទះនៅកំពង់ផែ និងការដាច់ចរន្តអគ្គិសនី ដែលបញ្ហាទាំងនេះបានជះឥទ្ធិពលដល់សមត្ថភាពក្នុងការផលិត ក៏ព្រោះតែរោងចក្រមិនអាចដំណើរការបានក្នុងល្បឿនពេញ។

ក្រុមហ៊ុន Tesla ក៏បានរំលេចផងដែរថា ការទទួលបានប្រាក់ចំណេញខ្ពស់នេះក៏ដោយសារតែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិនបាន ដំណើរការ ដោយរលូន និងជាពិសេសគឺតម្រូវការរថយន្តរបស់ Tesla នៅក្នុងទីផ្សារប្រទេសមួយនេះច្រើនជាងបណ្ដាទីផ្សារផ្សេងៗនៅលើពិភពលោក។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះមិនបានបង្ហាញពីតួលេខនៃការនាំចេញរថយន្តសរុបនៅក្នុងត្រីមាសទី៣ឡើយ ប៉ុន្តែសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបញ្ជាក់ថា Tesla លក់រថយន្តបាន ៥២១៥៣គ្រឿងក្នុងប្រទេសចិននៅត្រីមាសទី៣ ខណៈដែល សរុបនៅទូទាំងពិភពលោកមានចំនួនសរុប ២៤១៣០០គ្រឿង ដោយបានកើនឡើង ៧៣ភាគរយបើធៀបនឹងឆ្នាំមុន៕