(ម៉ាទ្រីឌ)៖ ក្លិបបាល់ទាត់ FC Barcelona បានប្រកាសកាលពីយប់ថ្ងៃពុធថា ពួកគេបានព្រមព្រៀងគ្នា សម្រេចបន្តកិច្ចសន្យាថ្មី ជាមួយកីឡាករខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Ansu Fati រហូតដល់ខែមិថុនា ឆ្នាំ២០២៧, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

banner

គេហទំព័រផ្លូវការរបស់ Barcelona បានបញ្ជាក់ថា កីឡាករវ័យក្មេង, ដែលទើបតែវិលត្រឡប់មកវិញ បន្ទាប់ពីអវត្តមានជិត១ឆ្នាំ ដោយសាររបួសជង្គង់នោះ, នឹងចុះហត្ថលេខា លើកិច្ចសន្យា នាថ្ងៃព្រហស្បតិ៍។

ការព្រមព្រៀងនេះ បានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពី Barca ក៏បានធានាអនាគតរបស់ខ្សែបម្រើ Pedri វ័យ១៨ឆ្នាំ, ដែលបានចុះកិច្ចសន្យា លេងរហូតដល់ខែមិថុនា ឆ្នាំ២០២៦, ហើយដូចនឹងកីឡាករ Pedri ដែរ កីឡាករ Fati នឹងទទួលបានប្រាក់១ពាន់លានអឺរ៉ូ ក្នុងកិច្ចសន្យាថ្មីរបស់លោក។

Ansu Fati បានចាប់ផ្តើមលេងដំបូង នៅ Barca ក្នុងឆ្នាំ២០១៩ ក្នុងវ័យត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ, ហើយបានបង្ហាញខ្លួន៣៣ប្រកួត នៅក្នុងរដូវកាលដំបូងរបស់លោក, ដោយស៊ុតបាល់បញ្ចូលទីបាន៨គ្រាប់ ហើយទទួលបានការកោះហៅ ឲ្យចូលក្រុមជម្រើសជាតិអេស្ប៉ាញ, មុនពេលលោកមានរបួស កាលពីរដូវកាលមុន។

គិតមកដល់ពេលនេះ លោកបានលេង៤៨ប្រកួត ឲ្យក្លិប, ស៊ុតបញ្ចូលទីបាន១៥គ្រាប់, ហើយរដូវកាលនេះ លោកបានទទួលតំណែង ពាក់អាវលេខ១០ ដែលបន្សល់ទុកដោយកីឡាករ Lionel Messi៕