(ដូហា)៖ ការជម្លៀសខ្លួន ក្រុមទី២ ដែលមានមនុស្សចំនួន៥៧នាក់ មកពីប្រទេសអាហ្វហ្គានីស្ថាន ជាប់ពាក់ព័ន្ធនឹងក្រុមបាល់ទាត់ និងបាល់បោះផ្នែកនារី, ដែលភាគច្រើនជាស្ត្រីនិងកុមារនោះ, បានសម្រេចហើយ បន្ទាប់ពីការចរចា, នេះបើតាមការបញ្ជាក់ ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ការជម្លៀសខ្លួនជាច្រើន ត្រូវបានធ្វើឡើង ចាប់តាំងពីក្រុមតាលីបង់ បានគ្រប់គ្រងរដ្ឋធានី Kabul របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ហើយបានប្រកាសរដ្ឋាភិបាលថ្មី កាលពីខែមុន បន្ទាប់ពីកងកម្លាំងបរទេស ដឹកនាំដោយសហរដ្ឋអាមេរិក បានដកចេញ ហើយរដ្ឋាភិបាល ដែលមានការគាំទ្រពីប្រទេសលោកខាងលិចនោះ បានដួលរលំ។

កាលពីសប្តាហ៍មុន FIFA បានលើកឡើងថា ខ្លួនបានធ្វើការជាមួយរដ្ឋាភិបាលកាតា ដើម្បីជម្លៀសកីឡាករបាល់ទាត់ និងក្រុមគ្រួសាររបស់ពួកគេ ជិត១០០នាក់ មកពីអាហ្វហ្គានីស្ថាន។ បុគ្គល៥៧នាក់ នៅក្នុងក្រុមទី២នេះ ក៏បានហោះហើរទៅកាន់ប្រទេសកាតាផងដែរ តាមរយៈជើងហោះហើរពិសេស។

កាលពីដើមខែនេះ, FIFA ក៏បានជួយស្ថាប័នគ្រប់គ្រងកីឡាប្រណាំងកង់ UCI នៅក្នុងការជួយជម្លៀសជនភៀសខ្លួន ចំនួន១៦៥នាក់ ជាមួយនឹងប្រទេសអាល់បានី៕