(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតសន្សំពិន្ទុពូល C នៃព្រឹត្តិការណ៍ពានរង្វាន់កីឡាវាយកូនបាល់អន្ដរជាតិប្រចាំទ្វីបអាស៊ី/អូសេអានី ក្រុមទី៤ Davis Cup 2021 (Asia/Oceania Group IV) បន្ទាប់ពីប្រកួតចាញ់ក្រុមខ្លាំងអ៊ីរ៉ង់ ដោយលទ្ធផល ៣-០ នៅទីក្រុង Isa Town ប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

នេះគឺជាការបរាជ័យលើកដំបូងរបស់ក្រុមកម្ពុជា ក្នុងចំណោម ៣លើកកន្លងមក ។ ក្នុងជំនួបបញ្ចប់ពូលនេះ កីឡាករកម្ពុជា ឡុង សំនៀង បានប្រកួតចាញ់កីឡាករ Moghimi Sina ក្នុងពិន្ទុ ៤-៦ និង ២-៦។ រីឯកីឡាករ ប៊ុន កេន្នី ត្រូវបានកីឡាករ Nadaf Hamidi Reza វាយបកឈ្នះ ៦-១ និង ៦-៣ បន្ទាប់ពីកីឡាករកម្ពុជារូបនេះ បានយកឈ្នះមុន ៦-៤ នៅសិតទី១។

ដោយឡែកវិញ្ញាសាវាយគូវិញ កីឡាករវ័យក្មេងកម្ពុជា ឃ្លាំង ពន្លក និង ទេព ធីម៉ូធី បានប្រកួតចាញ់ក្រុមកីឡាករអ៊ីរ៉ង់ ដោយលទ្ធផល ៦-២ និង ៦-៤។ ការបរាជ័យទាំង ៣ប្រកួតនេះ នាំឲ្យក្រុមកីឡាវាយកូនបាល់ទាត់កម្ពុជា បញ្ចប់ការប្រកួតក្នុងពូល ដោយឈរលេខរៀងទី២ ខណៈក្រុមកីឡាវាយកូនបាល់អ៊ីរ៉ង់ បានឈរកំពូលតារាង មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គបន្ដ។

គួរដឹងថា ព្រឹត្តិការណ៍ Davis Cup 2021 ក្រុមទី៤ ឆ្នាំនេះ មាន ១២ប្រទេសចូលរួម ដោយបែងចែកជា ៣ពូលក្នុងមួយពូលមាន ៤ក្រុម។ ក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវធ្វើការប្រកួតខ្វែងគ្នា ដើម្បីស្វែងរកក្រុមខ្លាំង ៣ក្រុមឡើងទៅលេងក្រុមទី៣។ ដូច្នេះក្រុមកីឡាវាយកូនបាល់កម្ពុជា នឹងត្រូវធ្វើការធ្ងន់នៅវគ្គបន្ដ ដើម្បីប្រជែងកៅអីក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2022៕