(ប៉ារីស)៖ ក្រុមហ៊ុន Facebook បានប្រកាសឱ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀង «កម្មសិទ្ធិបញ្ញា» ជាមួយនឹងក្រុមអ្នកបោះពុម្ពផ្សាយព័ត៌មាន បារាំង (French News Publishers) ដើម្បីផ្សព្វផ្សាយមាតិកាព័ត៌មានរបស់ពួកគេនៅលើបណ្ដាញសង្គម Facebook ដោយស្របច្បាប់ ហើយ ក្រុមអ្នកបោះពុម្ពផ្សាយព័ត៌មានក៏អាចស្វែងរកប្រាក់ចំណូលពីមាតិការបស់ពួកគេនៅលើ Facebook ក្នុងប្រទេសបារាំងផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reurters នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះគឺធ្វើឡើង នៅ ដំណាក់កាលដំបូងប៉ុណ្ណោះដើម្បីឱ្យភាគីទាំងពីរចាប់ផ្ដើមអាជីវកម្មទៅតាមកិច្ចព្រមព្រៀង ហើយ Facebook និងក្រុមអ្នកបោះពុម្ពផ្សាយព័ត៌មាន បារាំងនឹងធ្វើការពិភាក្សាគ្នាបន្តទៀតទៅលើផ្លូវច្បាប់នានា។

កិច្ចព្រមព្រៀងនេះគឺធ្វើឡើងដើម្បីទទួលបានអាជ្ញាប័ណ្ណ និងសិទ្ធិអ្នកនិពន្ធដែលជាសមាជិកនៅក្នុងក្រុមអ្នកបោះពុម្ពផ្សាយព័ត៌មាន បារាំង ហើយ មាតិកាព័ត៌មានទាំងនោះនឹងត្រូវយកមកចេញផ្សាយនៅលើ Facebook News ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់ Facebook ខណៈដែលវានឹងត្រូវដាក់ដំណើរការជាផ្លូវការនៅក្នុងប្រទេសបារាំងក្នុងឆ្នាំ២០២២។

បើនិយាយឱ្យស្រួលស្ដាប់គឺ Facebook បានរៀបចំកិច្ចព្រមព្រៀងដើម្បីទទួលបានសិទ្ធិក្នុងការចេញផ្សាយអត្ថបទសារព័ត៌មានពីសំណាក់ បណ្ដាញ សារព័ត៌មានរបស់បារាំង ដោយមានទាំងស្ថាប័នឯកជន និង អ្នកសារព័ត៌មានឯករាជ្យ ដោយពួកគេទទួលបានជាថ្នូរមកវិញនូវប្រាក់ទៅតាម ការ ចរចា៕