(មេនឆេស្ទើ)៖ នៅទីបំផុតក្លិបបិសាចក្រហម Manchester United និង West Ham United បានរងពិន័យពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដោយសារតែអាកប្បកិរិយារបស់អ្នកគាំទ្រខ្លួនក្នុងអំឡុងប្រកួតនៃពាន Champions និង Europa League ជាដើមនាខែកញ្ញាកន្លងមក។

ក្លិបញញួរធំ West Ham ដែលដឹកនាំដោយលោក David Moyes ត្រូវបាន UEFA ពិន័យជាទឹកប្រាក់ប្រមាណ ៦ម៉ឺនអឺរ៉ូ ដោយសារតែអ្នកគាំទ្ររបស់ខ្លួនគប់វត្ថុផ្សេងៗចូលទីលាន ពេលអំឡុងប្រកួតដែលបានយកឈ្នះ Rapid Vienna ក្នុងលទ្ធផល ២-០ នៅ Europa League នៅឯកកីឡដ្ឋាន London Stadium ដ្បិតអ្នកគាំទ្រទាំងនោះក៏បានបង្កជាហិង្សានៅកន្លែងអង្គុយផងដែរ។

ចំណែកឯអ្នកគាំទ្រខាងក្រុម Manchester United វិញក៏បានគប់របស់របរផ្សេងៗចូលទីលានដូចទៅនឹង West Ham ផងដែរនៅអំឡុងប្រកួតដែលបានយកឈ្នះក្រុមភ្ញៀវមកពីអេស្ប៉ាញ Villarreal ២-១ នាខែកញ្ញាកន្លងទៅនៅក្នុងកីឡដ្ឋាន Old Trafford ដែលធ្វើឲ្យ Man Utd ធ្លាក់លុយប្រមាណ ៨៣៧៥អឺរ៉ូផងដែរ ដែលត្រូវបង់ជាកំហិតក្នុងរយៈពេល ៩០ថ្ងៃ។

លើសពីនេះទៀត ក្រុមបាល់ទាត់ស្រ្តី Arsenal ក៏ត្រូវបានជាប់ពិន័យរបស់ UEFA ដែរ ដ្បិតប្រកួតចាញ់ស្រ្តី FC Barcelona នៅ UEFA Champions League ក៏ដោយ ដោយសារអាកប្បកិរិយារបស់កីឡាការិនី៕