(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត ដែលបានធ្វើតេស្ដ PCR កាលពីម្សិលមិញ រួមមាន ចាន់ វឌ្ឍនាកា, សឿយ វិសាល, គួច សុកុម្ភៈ និង អ៊ាន ពិសី បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយទទួលបានលទ្ធផលធ្វើតេស្ដអវិជ្ជមាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។

ដូច្នេះពេលនេះ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលបំពេញបេសកកម្មជួយក្រុមគោព្រៃកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន បានជាសះស្បើយទាំងអស់គ្នាហើយ បន្ទាប់ពីកីឡាករ សារ៉េត គ្រីយ៉ា និងអ្នកចាំទី កែវ សុខសិលា ដែលជាសះស្បើយមុនកាលពីថ្មីៗ។

តាមការបញ្ជាក់ពីប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ សឿយ វិសាល បានឲ្យដឹងថា បន្ទាប់ពីធ្វើចត្ដាឡីស័ក និងសម្រាកព្យាបាលរយៈពេល ១០ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន ថ្ងៃនេះពួកគេ បានទទួលលទ្ធផលធ្វើតេស្ដ PCR អវិជ្ជមានទាំងអស់គ្នា ហើយពួកគេនឹងចេញទៅស្នាក់នៅសណ្ឋាគារជាមួយ គ្រីយ៉ា និង សិលា ១យប់ទៀត មុនធ្វើដំណើរត្រឡប់មកមាតុភូមិវិញនាថ្ងៃស្អែក។

សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើមាន ៥រូប រកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ លើកលែងតែ សារ៉េត គ្រីយ៉ា ដែលរកឃើញមុនការប្រកួតជើងទី១។ យ៉ាងណាមិញក្រុមគោព្រៃកម្ពុជាបានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង២ជើងក្នុងលទ្ធផល ៣-១ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាកន្លងទៅ៕