(អាមេរិក)៖ ក្រុមហ៊ុនផលិត Memory Chip ដ៏ធំរបស់មួយរបស់អាមេរិក Micron Technology បានប្រកាសខ្លួននឹងវិនិយោគទឹកប្រាក់ ១៥០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការអភិវឌ្ឍន៍ និងស្រាវជ្រាវ (R&D) នៅក្នុងឧស្សាហកម្មបន្ទះឈីបក្នុងរយៈពេលទសវត្សរ៍ខាងមុខ ខណៈដែល រដ្ឋាភិបាលនៃប្រទេសធំៗនៅលើពិភពលោកបាននិងកំពុងតែជំរុញ និងដោះស្រាយបញ្ហាកង្វះខាតបន្ទះឈីបជាសកល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការវិនិយោគនូវក្នុងទឹកប្រាក់ដ៏ច្រើន សន្ធឹក និងមិនធ្លាប់មាននៅក្នុងឧស្សាហកម្មមួយនេះ ត្រូវបានធ្វើឡើងក្រោយពេលរដ្ឋាភិបាលនៃបណ្ដាប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន អឺរ៉ុប បានប្រជែងគ្នាដើម្បីបង្កើនសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់បន្ទះឈីបក្នុងស្រុករបស់ពួកគេ ចំពេលដែលការខ្វះខាតជាសកលមិនធ្លាប់កើតមាន ពីមុនមក។

សមាជិកសភាអាមេរិកកាលពីដើមឆ្នាំនេះ បានអនុម័តកញ្ចប់ថវិកាចំនួន ៥២ពាន់លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ការផលិតឧបករណ៍អេឡិចត្រូនិក (ជាពិសេសគឺបន្ទះឈីប) និង R&D នៅក្នុងស្រុក ប៉ុន្តែគេមិនទាន់ដឹងថា តើថវិកាទាំងនោះ នឹង ត្រូវបែងចែកយ៉ាងដូចម្ដេចនៅឡើយទេ។

លោក Sanjay Mehrotra ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Micron Technology បានលើកឡើងថា បន្ទះឈីប Memory បានដើរតួយ៉ាងសំខាន់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិកផ្សេងៗ ជាពិសេសគឺវាពេញនិយមសម្រាប់ស្មាតហ្វូន 5G, បច្ចេកវិទ្យា AI និងសេវាកម្ម Cloud ហើយនៅពេលនេះ ក្រុមហ៊ុន Micron ក៏កំពុងសម្លឹងមើលដៃគូសហការ និងឧបត្ថម្ភទៅលើគម្រោងពង្រីកសក្ដានុពលនៃការផលិត និងផ្គត់ផ្គង់បន្ទះឈីប Memory ពីសំណាក់រដ្ឋាភិបាលផ្សេងៗនៅជុំវិញពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នៅមុននេះ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់ TSMC បានប្រកាសវិនិយោគប្រមាណ ១០០ពាន់លានដុល្លារ អាមេរិក រហូតដល់ឆ្នាំ ២០២៣ នៅក្នុងប្រទេសជប៉ុនដើម្បីពង្រីកលទ្ធភាពនៃការផលិត និងផ្គត់ផ្គង់៕