(រុស្សី)៖ អ្នកដឹកនាំរឿងជនជាតិរុស្សី លោក Klim Shipenko (ឃ្លីម ហ្សីផេនកូ) បានបង្ហើបពីបំណងរបស់លោក ចង់ទៅថតភាពយន្តនៅភពព្រះច័ន្ទ និងភាពអង្គារ៍ ជាជំហានបន្តទៀត ខណៈការបង្ហើបបែបនេះ គឺបន្ទាប់ពីការទៅថតរឿងជាលើកដំបូង នៅស្ថានីយអវកាសអន្តរជាតិ (ISS) រយៈពេល១២ថ្ងៃរបស់លោក ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Euro News ថ្មីៗនេះ។

ជាក់ស្តែង នៅថ្ងៃអង្គារ៍សប្តាហ៍នេះ លោក Klim Shipenko (ឃ្លីម ហ្សីផេនកូ) ជាអ្នកដឹកនាំរឿងជនជាតិរុស្សី បាននិយាយថា លោកចង់ថតរឿងនៅភពព្រះច័ន្ទ និងភពអង្គារ៍ នៅជំហានបន្ទាប់ទៀត ក្រោយពីភាពយន្តមានចំណងជើងថា «The Challenge» ដែលជាភាពយន្តថតនៅទីអវកាសលើកដំបូងគេ និងដឹកនាំថតដោយលោកទទួលបានជោគជ័យ ដោយប្រើរយៈពេល១២ថ្ងៃ ដើម្បីថត ខណៈលោកនិងតារាសម្តែងផ្សេងទៀត ទើបតែត្រឡប់មកភពផែនដីវិញ កាលពីសប្តាហ៍មុននេះ ក្រោយការថតរឿងនៅទីអវកាសត្រូវបានបិទបញ្ចប់។

នៅក្នុងបទសម្ភាសន៍មួយ អ្នកដឹកនាំរឿងរូបនេះ បាននិយាយថា ខ្សែភាពយន្ត «The Challenge» អាចនឹងត្រូវអូសបន្លាយពេល រហូតដល់ចុងឆ្នាំ២០២២ ខណៈដែលប្លង់ក៏ដូចជាឈុតឆាក ដែលថតនៅទីអវកាសអាចនឹងមានត្រឹម ២៥ ទៅ ៣៥នាទីប៉ុណ្ណោះ នៅក្នុងភាពយន្តសម្រេច។

សូមជម្រាបថា ភាពយន្តដែលបានថតនៅស្ថានីយអវកាសអន្តរជាតិ មានចំណងជើងថា «The Challenge» គឺជាភាពយន្ត ដែលថតនៅទីអវកាសដំបូងគេ និងត្រូវបានដឹកនាំការថតដោយអ្នកដឹកនាំរឿងរុស្ស៊ីឈ្មោះ Klim Shipenko (ឃ្លីម ហ្សីផេនកូន)។ ទាក់ទងនឹងកាលបរិច្ឆេទចេញផ្សាយ ភាពយន្តថតនៅទីអវកាសដំបូងគេនេះ នៅមិនទាន់មានការកំណត់នៅឡើយទេ ប៉ុន្តែទំនងជានឹងមានការបញ្ចេញជារូបភាព Teaser នៃប្លង់ដែលថតនៅទីអវកាសជាមុនសិន៕