(ភ្នំពេញ)៖ ពីនារីអាកាសចរ ហើយបានវិវត្តន៍ខ្លួនមកជាតារាសម្ដែង ស្រីស្រស់ ហេង សុជាតា បានសម្ដែងក្ដីសង្ឃឹមថ្មីមួយទៀត ទៅការងារជានារីអូតេស បម្រើការងារលើយន្តហោះរបស់នាង បន្ទាន់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសណែនាំដល់ក្រសួងស្ថាប័នជំនាញ ធ្វើការពិនិត្យមើលអំពីលទ្ធភាព ក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាថៃ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា។

តារាសម្ដែង ហេង សុជាតា បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះឲ្យដឹងថា នាងពិតជាសប្បាយរីករាយ នៅពេលទទួលបានដំណឹងបើកផ្លូវអាកាសឡើងវិញបែបនេះ ពីសំណាក់ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ហើយនាងយល់ឃើញថា វិស័យអាកាសចរណ៍ នឹងមានសង្ឃឹមអាចដំណើរការឡើងវិញសន្សឹមៗទៅមុខ ខណៈវិស័យទេសចរណ៍ក៏ដូចគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណា តារាសម្ដែង និងជានារីអាកាសចរ ហេង សុជាតា បានសង្កត់ធ្ងន់ថា បញ្ហានេះអាចត្រូវប្រើរយៈពេលវែងបន្តិច ដើម្បីវិលត្រឡប់ឲ្យដូចដើមវិញ។

ស្រីស្អាតចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំសិចស៊ី ហេង សុជាតា បាននិយាយថា «ច៎ាបង.. ខ្ញុំយល់ឃើញថា វិស័យអាកាសចរណ៍ នឹងមានសង្ឃឹមអាចដំណើរការឡើងវិញ ដោយសន្សឹមៗទៅមុខ។ ការយល់ឃើញថា នឹងដំណើរការសន្សឹមៗទៅមុខ ហើយយើងមិនទាន់អាចដំណើរការបាន ដូចដើមវិញទាំងស្រុងនោះ ដោយសារតែប្រទេសខ្លះ មិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ហើយអាត្រាឆ្លងក៏នៅមានចំនួនច្រើន..!»

តារាសម្ដែងធ្លាប់មានឈ្មោះល្បី កញ្ញា ហេង សុជាតា បានទម្លាយពីបញ្ហាប្រឈមនានា និងការបាត់បង់ចំណូល ជាមួយនឹងមុខអាជីពរបស់នាង ជួបប្រទះជារៀងរាល់ថ្ងៃ ដោយសារតែនាងជាអ្នកបម្រើការងារលើយន្តហោះ ត្រូវជួបនឹង ការប្រាស្រ័យទាក់ទង ជាមួយ ភ្ញៀវមកពីគ្រប់បណ្ដាប្រទេសជាច្រើន ជុំវិញពិភពលោក ធ្វើឲ្យនាងមានការប្រឈមមុខខ្លាំង ទៅនឹងជំងឺឆ្លងកូវីដ-១៩ បើសិនជាមានភ្ញៀវណាម្នាក់ មានផ្ទុកវីរុសនេះ។

ចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដ-១៩ នេះមក ធ្វើឲ្យនាងមានផលប៉ះពាល់ និងមានបញ្ហាប្រឈមខ្លាំង ចំពោះការងារ និងប្រាក់ចំណូល ព្រោះតែការថយចុះ និងបិទជើងហោះហើរ ដោយសារតែភ្ញៀវគ្រប់បណ្ដាប្រទេស មិនមានការធ្វើដំណើរមមាញឹកដូចមុន គ្រប់គ្នាភ័យខ្លាចឆ្លងកូវីដ-១៩។ ម្យ៉ាងទៀត គ្រប់ព្រលានយន្តទូទាំងប្រទេសភាគច្រើន គឺសុទ្ធតែមានការបិទជើងហោះហើរ មិនឲ្យភ្ញៀវទេសចរពីប្រទេសផ្សេង ចូលក្នុងប្រទេស ដែលជាវិធានការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ -១៩។

អំឡុងពេលមានការបិទជើងយន្តហោះ បុគ្គលិកបម្រើការលើយន្តហោះ ដូចជារូបនាងជាដើម ត្រូវបានកាត់បន្ថយដូចគ្នា នៃការចេញហោះហើរ និងបម្រើការងារ។ នារីអាកាសចរមួយចំនួនធំ ត្រូវខាងក្រុមហ៊ុន ផ្អាកឲ្យ សម្រាកនៅផ្ទះ និងមានមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវធ្វើការធម្មតា ជាហេតុធ្វើឲ្យប៉ះពាល់ ដល់ប្រាក់ចំណូលប្រចាំខែរបស់នាង។ ហេង សុជាតា បញ្ជាក់ថា បើសិនជាដល់ពេល ត្រូវចូលបម្រើការវិញ នាងថា ក៏មិនមានជើងយន្តហោះត្រូវចេញហោះហើរច្រើន ដូចមុននោះដែរ គឺនាងមានតែក្ដីសង្ឃឹមថា ជំងឺឆ្លងកូវីដ-១៩ នឹងរលាយបាត់ពីលើពិភពលោកនេះឆាប់ៗ នឹងអាចឲ្យប្រជាជន រួមទាំងនាង មានការងារធ្វើច្រើនដូចមុន ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចដើមឡើងវិញ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំដល់ក្រសួងស្ថាប័នជំនាញ ធ្វើការពិនិត្យមើលអំពីលទ្ធភាព ក្នុងបើកជើងហោះហើរឡើងវិញ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាថៃ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បីទទួលភ្ញៀវ និងអ្នកវិនិយោគមកកម្ពុជា។ ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជាមានប្រទេសខ្លះ មិនមានទំនាក់ទំនងផ្លូវអាកាសជាមួយនោះទេ ប៉ុន្តែក៏មានប្រទេសខ្លះ ដែលកម្ពុជាខ្លួនឯង ជាអ្នកបិទមិនឲ្យមានការហោះហើរដែរ ដោយសារតែពេលនោះ មានករណីឆ្លងជំងឺកូវីដ-១៩ រីករាលដាលខ្លាំង ដូចជាពីម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម៕