(ភ្នំពេញ)៖ កីឡារត់ប្រណាំងម៉ារ៉ាតុង (Marathon running distance) គឺជាវិញ្ញាសាដ៏ពេញនិយមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍កីឡាផ្សេងទៀត។ រយៈចម្ងាយនៃការរត់ប្រណាំងម៉ារ៉ាតុងនេះ គឺមានប្រវែង «៤២.១៩៥ គីឡូម៉ែត្រ»។ កីឡារត់ប្រណាំងមួយនេះ គឺមានប្រវត្តិយូរលង់ណាស់មកហើយ ហើយថែមទាំងមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍សម្រាប់ទុកជាចំណេះដឹងល្អផងដែរ។

banner

* តើអ្នកដឹងទេថា ការរត់ប្រណាំងម៉ារ៉ាតុងនេះមានប្រវត្តិយ៉ាងដូច្នេះ?

ប្រសិនបើអ្នកកំពុងរស់នៅអំលុងសម័យក្រិកបុរាណ អ្នកប្រាកដជាបានស្គាល់បុរសជនជាតិក្រិកម្នាក់ឈ្មោះ ហ្វ៉ីឌីបពីដេស (Pheidippides) ដែលជាអ្នកនាំសារដ៏ល្បីល្បាញម្នាក់នៅជំនាន់នោះ ហើយក៏មានសាវតាជាប់ទាក់ទងនឹងការរត់ម៉ារ៉ាតុងនេះដែរ។

ប្រវត្តិនៃការរត់រយៈចម្ងាយជាង២៦ម៉ៃល៍នេះ គឺចាប់មានតាំងពីសម័យក្រិកបុរាណ ឆ្នាំ៤៩០ មុនគ្រិស្ដសករាជ ខណៈពេលអ្នកនាំសារជនជាតិក្រិកម្នាក់ឈ្មោះ ហ្វ៉ីឌីបពីដេស (Pheidippides) រត់ពីក្រុងម៉ារ៉ាតុងទៅក្រុងអាតែន ក្នុងរយៈចម្ងាយ «២៦ម៉ៃល៍ ៣៨៥យ៉ារដ៍» ដើម្បីប្រកាសពីជ័យជម្នះរបស់កងទ័ពក្រិកលើកងទ័ពពែរ្ស (Persians)។ ក្រោយពេលអ្នកនាំសារនោះប្រកាសសារជ័យជម្នះចប់ រូបគេក៏ដួលដាច់ដង្ហើមស្លាប់តែម្ដងទៅ។

បើតាមការវិភាគក្រោយមកទៀត ខ្លឹមសារខាងលើនេះ មើលទៅដូចជាមិនគួរឱ្យជឿប៉ុន្មានឡើយ ព្រោះការពិតទៅ ស្ទើរតែគ្មានអ្នករត់ម៉ារ៉ាតុងណាម្នាក់ស្លាប់ក្នុងពេលប្រកួតរយៈចម្ងាយ២៦ម៉ៃល៍នេះឡើយ ចុះទម្រាំតែអ្នកនាំសារដែលមានការហ្វឹកហាត់រត់ចម្ងាយច្រើនជាងនេះជាប្រចាំ ម៉េចនឹងអាចស្លាប់យ៉ាងមិនទំនងទៅវិញបែបនេះ។ រឿងរ៉ាវខាងលើ ឃើញមាននៅក្នុងកំណត់ត្រារបស់អ្នកប្រវត្តិសាស្ត្រជនជាតិរ៉ូម៉ាំងម្នាក់ឈ្មោះ ព្លុយតាស (Plutus 45-125) ដែលបានសរសេរក្រោយពេលកើតចម្បាំងក្រិកនិងពែរ្ស (Greco-Persian wars) ជាង៥០០ឆ្នាំ។ ប៉ុន្តែព្លុយតាសបែរជាហៅអ្នកនាំសារក្រិករូបនោះថា យូគ្លីស ទៅវិញ។

ទោះយ៉ាងណា គេយល់ថារឿងដែលព្លុយតាសកត់ត្រានេះមិនសមទំនងនោះឡើយ ពីព្រោះតែអាយុរបស់អ្នកនាំសារ យូគ្លីស មានវ័យចំណាស់ជាង ហ្វ៉ីឌីបពីដេស។ ម្ល៉ោះហើយ គេក៏យោងតាមកំណត់ត្រារបស់មន្ត្រីកត់ត្រាជនជាតិក្រិកមួយរូបទៀត គឺលោក ហេរ៉ូដូទូស (Herodotus 484-425 BC) ដែលមានភាពសមហេតុសមផលជាងកំណត់ត្រារបស់ព្លុយតាស ពីព្រោះតែហេរ៉ូដូទូសបានកត់ត្រារឿងនេះ គឺក្រោយពេលចប់សង្គ្រាមក្រិក-ពែរ្សនៅម៉ារ៉ាតុងបានជាង៦ឆ្នាំ។

កំណត់ត្រារបស់ហេរ៉ូដូទូសបានបង្ហាញថា នៅឆ្នាំ៤៩៩ មុនគ្រិស្ដសករាជ ព្រះចៅអធិរាជដារីអ៊ូស (Darius the Great) ដែលជាព្រះមហាក្សត្រនៃចក្រភពពែរ្ស (Persian empire) បានបង្កសង្គ្រាមចូលឈ្លានពានទឹកដីក្រិក។ សង្គ្រាមបានអូសបន្លាយរហូតដល់ឆ្នាំ៤៩២ មុនគ្រិស្ដសករាជ ក្នុងនោះកងទ័ពពែរ្សបានវាយដណ្ដើមយកទឹកដីមួយចំនួនរបស់ក្រិក ដូចជាទីក្រុងត្រាស៉ី (Thracia city) និងរាជាណាចក្រម៉ាសេដូន (kingdom of Macedon)។ លុះដល់ឆ្នាំ៩៤០ មុនគ្រិស្ដសករាជ ព្រះចៅដារីអ៊ូសមហារាជ បានបញ្ជាឱ្យកងទ័ពពែរ្សចូលវាយក្រិកជាលើកទី២ ក្នុងនោះកងទ័ពពែរ្សបានប៉ះសឹកជាមួយកងទ័ពក្រិកនៅបុរីរដ្ឋអាតែន (Athens city state)។ កងទ័ពអាតែនបានចេញទៅទប់ទល់នឹងកងទ័ពពែរ្សនៅទីក្រុងម៉ារ៉ាតុង (Marathon city) ដែលជាទីក្រុងតូចមួយចំណុះក្រោមអំណាចបុរីរដ្ឋអាតែន។ កងទ័ពអាតែនមានចំនួនតិចជាងកងទ័ពពែរ្ស តែនៅមានទឹកចិត្តក្លៀវក្លាក្នុងការស្វាគមន៍សឹកចម្បាំងនេះ។ ចៅហ្វាយក្រុងម៉ារ៉ាតុង លោក មីលទីអាដេស (Miltiades) បានបញ្ជាឱ្យសេនាម្នាក់នាំយកសារសុំជំនួយកងទ័ពទៅកាន់បុរីរដ្ឋរបស់ក្រិកមួយទៀត គឺបុរីរដ្ឋស្ប៉ារតា (city state of Sparta)។ អ្នកនាំសាររូបនោះគឺ «ហ្វ៉ីឌីបពីដេស» នោះឯង គាត់បានរត់ពីទីក្រុងម៉ារ៉ាតុងឆ្ពោះទៅកាន់ទីក្រុងស្ប៉ារតាយ៉ាងពុះពារ ដើម្បីធ្វើយ៉ាងណាជួយស្រោចស្រង់ស្ថានការណ៍ម៉ារ៉ាតុងពីកងទ័ពពែរ្សឈ្លានពាន។

ជាការខកបំណង ក្នុងពេលដែលអ្នកនាំសារ ហ្វ៉ីឌីបពីដេស ទៅដល់ទីក្រុងស្ប៉ារតា មេដឹកនាំបុរីរដ្ឋមួយនេះហាក់ព្រងើយកន្តើយនឹងសំណើសុំជំនួយរបស់អាតែនទៅវិញ ដោយដោះសារប្រាប់ថា ពួកគេកំពុងរវល់រៀបចំពិធីបុណ្យសាសនារបស់ខ្លួន ដូច្នេះហើយទើបអ្នកនាំសារ ហ្វ៉ីឌីបពីដេស ត្រូវរត់ត្រឡប់ទៅក្រុងម៉ារ៉ាតុងវិញ។ ទន្ទឹមនឹងទង្វើអាត្មានិយមរបស់ស្ប៉ារតាបែបនេះ កងទ័ពអាតែននៅក្រុងម៉ារ៉ាតុងក៏ប្រឹងតស៊ូជាមួយនឹងកងទ័ពពែរ្សដោយខ្លួនឯង។ ពួកគេបានក្រាញតយុទ្ធជាមួយកងទ័ពពែរ្ស រហូតទាល់តែទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើទ័ពឈ្លានពាន។ ក្នុងសង្គ្រាមរយៈពេលខ្លីនេះ ក្រិកបាត់បង់ទាហានត្រឹមតែ១៩២នាក់តែប៉ុណ្ណោះ ខណៈខាងកងទ័ពពែរ្សវិញ គឺបានបាត់បង់ទាហានដល់ទៅ៦,៤០០នាក់ឯណោះ។ ចំណែកឯ ហ្វ៉ីឌីបពីដេស ក៏នៅមានជីវិតរស់រាននឹងគេដែរ ពោលគឺមិនស្លាប់ដូចការសរសេរនៅក្នុងកំណត់ត្រារបស់ជនជាតិរ៉ូម៉ាំង ព្លុយតាស នោះឡើយ។

តាមដែលហេរ៉ូដូទូសបានកត់ត្រាទុក ចម្ងាយផ្លូវពីទីក្រុងម៉ារ៉ាតុងទៅទីក្រុងស្ប៉ារតា គឺមានប្រវែងប្រមាណ ១៥៣ម៉ៃល៍ ដែលស្មើនឹង ២៤៦.២៣គីឡូម៉ែត្រ ពោលគឺមិនមែន ២៦ម៉ៃល៍ ដូចការកំណត់រត់ម៉ារ៉ាតុងបច្ចុប្បន្ននោះឡើយ (ចំណុចនេះនឹងត្រូវពន្យល់នៅផ្នែកខាងក្រោម)។

* មូលហេតុអ្វីបានជាគេកំណត់យករយៈចម្ងាយ ២៦ម៉ៃល៍ ៣៨៥យ៉ារដ៍ ឬ ៤២.១៩៥គីឡូម៉ែត្រ សម្រាប់ការរត់ម៉ារ៉ាតុងនាពេលបច្ចុប្បន្ន?

កាលពីដើមឡើយ រយៈចម្ងាយនៃការរត់ប្រណាំងម៉ារ៉ាតុង (៣លើកដំបូង) គឺមានការប្រែប្រួលទៅតាមស្ថានភាពទីតាំងជាក់ស្ដែង ពោលគឺមិនទាន់មានការកំណត់ឱ្យបានច្បាស់លាស់ជាផ្លូវការនោះឡើយ។

រហូតដល់គ្រិស្ដសករាជ ១៩០៨ មានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅកីឡដ្ឋានសេតបុរី White city ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ក្នុងនោះក៏មានវិញ្ញាសារត់ប្រណាំងម៉ារ៉ាតុងផងដែរ ដោយខ្សែបន្ទាត់ជ័យជម្នះ គឺនៅពីមុខព្រះពន្លាហ្លួងដែលមានព្រះរាជវង្សានុវង្សអង់គ្លេសគង់ប្រថាប់ចាំទតទស្សនា។ គណៈកម្មការរៀបចំការរត់ប្រណាំងនេះបានកំណត់រយៈចម្ងាយរត់ «២៦ម៉ៃល៍ ៣៨៥យ៉ារដ៍» ឬស្មើនឹង «៤២.១៩៥គីឡូម៉ែត្រ» គឺដើម្បីបង្កភាពងាយស្រួលដល់ព្រះញាតិវង្សក្នុងការទស្សនាការរត់ប្រណាំងនេះ។ ចាប់តាំងពីពេលនោះមក ប្រវែងនេះក៏បានក្លាយជារយៈចម្ងាយរត់ជាផ្លូវការនៃការរត់ប្រណាំងម៉ារ៉ាតុង រហូតដល់ពេលបច្ចុប្បន្ន។

ក្នុងគ្រិស្ដសករាជ ១៩៨២ សមាគមរត់រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក បានរៀបចំការប្រកួតរត់ប្រណាំងតាមរយៈចម្ងាយផ្លូវពិតរបស់អ្នកនាំសារជនជាតិក្រិក ហ្វ៉ីឌីបពីដេស (ដោយមានការយល់ព្រមពីក្រុមអ្នកជំនាញជនជាតិក្រិក) និងបានដាក់ឈ្មោះព្រឹត្តិការណ៍នេះថា International Spartathlon (អ៉ីនថឺរណាសិនណល ស្ប៉ារតាសឡូន)។ អ្នកទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ពិភពលោកនេះ គឺជាជនជាតិក្រិកដែរ ដោយគាត់មានឈ្មោះថា យ៉ានិស គូរ៉ូស (Yiannis Kouros)