(ឡុងដ៏)៖ ក្លិបអ្នកមានថ្មីថ្មោងនៃលីគអង់គ្លេស Newcastle United នឹងត្រៀមលុយប្រមាណ ៨០លានអឺរ៉ូ ដើម្បីចរចាទិញយកកីឡាករ Luis Diaz ពីក្លិប FC Porto បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនយ៉ាងល្អ តែមិនទាន់មានការចាប់អារម្មណ៍ខ្លាំងនៅលីគអឺរ៉ុបឡើយ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

បច្ចុប្បន្នកីឡាករសញ្ជាតិកូឡុំប៊ី Diaz រកបាន ៦គ្រាប់ក្នុងចំណោម ៩ប្រកួតនៅលីគកំពូល Primeria Liga ដែលរដូវកាលថ្មីនេះក្លិប FC Porto ចាញ់តែ ១ពិន្ទុឈរពីក្រោមក្លិប Benfica ដែលមាន ២១ពិន្ទុបណ្តោះអាសន្ននៃលីគព័រទុយហ្គាល់ ខណៈបុរសវ័យ ២៤ឆ្នាំ Diaz ទើបរកបាន ១គ្រាប់ដំបូងនៅលីគ Champions League ពេលដែលក្លិប Porto ស៊ុតទៅលើក្រុម AC Milan ១-០ នៃជម្រុះតាមពូលរដូវកាលនេះ។

តាមការឲ្យដឹងពី Sport TV ក្លិបសារិកាព្រៃ Newcastle កំពុងតែរៀបចំមួយចំពោះការផ្តល់ជូនប្រមាណ ៨០លានអឺរ៉ូចំពោះ Luis Diaz ដែលអាចធ្វើឲ្យកីឡាករមានលក្ខខណ្ឌច្រើនលើកិច្ចសន្យារបស់ពួកគេក្នុងការផ្លាស់ប្តូរ ដែលក្លិប Newcastle United កំពុងត្រៀមធ្វើឲ្យក្លិបរបស់គេមានភាពប្រសើរឡើងនៅខែមករា ដែលជាពេលវេលានៃទីផ្សារដោះដូរកីឡាករបើកទ្វារ។

បច្ចុប្បន្នក្លិបលេងក្នុងលីគអង់គ្លេស Premier League មានម្ចាស់ថ្មីមកពីក្រុមហ៊ុនវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ដែលមានលោក Mohammed bin Salman កំពុងរកមើលការចុះកិច្ចព្រមព្រៀងណាមួយក្នុងអំឡុងពេលនេះ និងនៅចុងបញ្ចប់នៃរដូវកាល ហើយតម្លៃប្រមាណ ៨០លានអឺរ៉ូនេះ មិនមែនជាបញ្ហារនោះទេ សម្រាប់ក្លិបដែលមានប្រាក់បម្រុងរហូតដល់ទៅ ៣៥០ពាន់លានអឺរ៉ូឯណោះ៕