(ភ្នំពេញ)៖ ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានប្រសិទ្ធនាមជា «ធនាគារផ្តល់ហិរញ្ញប្បទាន SME ឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី»«SME Financier of the Year – ASIA» ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម ២០២១ (SME Finance Forum ២០២១)។

ពានរង្វាន់ឆ្នើមមួយនេះបានប្រគល់ជូនធនាគារ ប្រៃសណីយ៍កម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រោមលក្ខន្តិកៈ ជាធនាគារដែលផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមច្រើនបំផុត ជាធនាគារដែលមានអតិថិជនហិរញ្ញប្បទានអាជីវកម្មច្រើនបំផុត ជាធនាគារដែលមានកំណើនហិរញ្ញប្បទានអាជីវកម្មច្រើនបំផុត ជាធនាគារ ដែលមានកំណើនប្រាក់បញ្ញើពីបណ្តាសហគ្រាសខ្នាតតូច និងមធ្យមច្រើនបំផុត។ រយៈពេលពេញមួយឆ្នាំនៃប្រតិបត្តិការ ធនាគារបានបន្តធ្វើបានយ៉ាងល្អ ក្នុងការជួយ ជ្រោមជ្រែងដល់អាជីវកម្ម គ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជាហិរញ្ញប្បទានសម្រាប់ប្រើប្រាស់ក្នុងការពង្រីក គាំទ្រ និងបន្ថែមទុនបង្វិលសម្រាប់អាជីវកម្ម។

ក្នុងឆ្នាំ២០២១នេះ ធនាគារ ក៏បានធ្វើកិច្ចសហការក្នុងការផ្តល់សហហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមជាមួយស្ថាប័នធំៗចំនួន៣ ក្នុងប្រទេសកម្ពុជា រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សាជីវកម្មធានាឥណទានកម្ពុជា, និងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំដើម្បីសម្រួលដល់ការ ផ្តល់ជូនហិរញ្ញប្បទានជូនអតិថិជន និងម្ចាស់អាជីវកម្មទាំងអស់ឱ្យទទួលបានហិរញ្ញប្បទានអាជីវកម្មជាមួយនឹងលក្ខន្តិកៈងាយស្រួល អត្រាការប្រាក់ទាប ក៏ដូចជាការធានា លើទ្រព្យបញ្ចាំជាដើម។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានបង្ហាញក្តីសោមន្សយ៉ាងក្រៃលែងដែលត្រូវបាន IFC និង SME Finance Forum ប្រសិទ្ធនាមជា«ធនាគារផ្តល់ហិរញ្ញប្បទាន SME ឆ្នើមឆ្នាំ2021 ប្រចាំតំបន់អាស៊ី» ក្នុងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមឆ្នាំ២០២១ និងបានបញ្ជាក់ថា ធនាគារ ប្រៃសណីយ៍កម្ពុជា ជាធនាគារពាណិជ្ជដែលតែងតែគាំទ្រ និងស្ថិតនៅជាមួយអតិថិជនដើម្បីជួយគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាហិរញ្ញវត្ថុជូនអតិថិជន ដែលកំពុងត្រូវការ ជំនួយហិរញ្ញវត្ថុជាចាំបាច់ក្នុងការប្រើប្រាស់ក្នុងគោលបំណងជាក់លាក់ណាមួយ។

លោក តូច ចៅចេក បានបន្ថែមថា ធនាគារប្រៃសណីយ៍កម្ពុជា កាន់តែយកចិត្តទុកដាក់បំផុតក្នុងការជួយគាំទ្រដល់អាជីវកម្ម និងម្ចាស់អាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ដែលត្រូវការហិរញ្ញប្បទានក្នុងគោលបំណងពង្រីកអាជីវកម្មទុនបង្វិល ក៏ដូចជាការគាំទ្រអាជីវកម្មក្នុងកំឡុងពេលនៃវិបត្តិកូវីដ19 ឱ្យទទួលហិរញ្ញប្បទានដ៏សមស្របមួយ ប្រើប្រាស់តាម តម្រូវការបាន ដើម្បីជាផ្នែកមួយក្នុងការជួយអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យប្រកបដោយចីរភាព និងនិរន្តរភាព។

លោក តូច ចៅចេក បានបញ្ជាក់ទៀតថា ធនាគារប្រៃសណីយ៍កម្ពុជា ទទួលបាននូវប្រសិទ្ធនាមជាធនាគារឆ្នើមនេះ ក្រោមការប្រកួតប្រជែងពីបណ្តាស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិច្រើនជាង ២០០ស្ថាប័នមកពី ១៤០ប្រទេសទូទាំងពិភពលោក។ ពានរង្វាន់ឆ្នើមដែលផ្តល់ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មិនចេះតែទទួលបាននោះទេ បើសង្កេតមកមើលប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០២១នេះ មានតែធនាគារប្រៃសណីយ៍កម្ពុជាតែមួយគត់ ដែលអាចទទួលបាន ហើយធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារតែមួយគត់ដែលសម្រេចបានពានរង្វាន់ឆ្នើមពី IFC និង SME Finance Forum ២ឆ្នាំជាប់គ្នា។

លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ សង្កេតឃើញស្ថាប័នគួរ ឱ្យចាប់អារម្មណ៍ ជាច្រើន បានធ្វើប្រតិបត្តិការក្នុងការជួយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូច និងមធ្យម និងបានឃើញពីការបង្កើតថ្មីដ៏អស្ចារ្យជាច្រើន ក៏ដូចជា ឃើញពីឱកាសថ្មីសម្រាប់ដោះស្រាយបញ្ហាវិសមភាពយេនឌ័រ អាយុ និងវិសមភាពផ្សេងទៀត ហើយក៏បានឃើញពីវិធីសាស្ត្រថ្មីក្នុងការកំណត់អតិថិជនអាទិភាព និងធានាថាហិរញ្ញប្បទានទាំងអស់ប្រកបដោយទំនួលខុសត្រូវ និងមានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ។ ការប្រកួតប្រជែងឆ្នាំ២០២១ នាំមកនូវការច្នៃប្រឌិតច្រើនជាងមុន សមិទ្ធផលធំជាងមុន និងសក្តានុពលធំជាងមុនផងដែរ៕