(បន្ទាយមានជ័យ)៖ តារាចម្រៀង ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យ យ៉ាងធំធេងលើវិស័យសិល្បៈហើយនោះ មហាជនសង្កេតឃើញថា តារាចម្រៀងល្បីរូបនេះ បានងាកទៅបង្កើតមុខជំនួញរកស៊ីជាបន្តបន្ទាប់។ ជាក់ស្ដែង បច្ចុប្បន្នលោកក៏បានបោះទុនវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ដើម្បីប្រែក្លាយតំបន់ជាយដែន នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ ឬអាចនិយាយបានថា ជាក្រុងប៉ោយប៉ែតទី២។

តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ Fresh News ឲ្យដឹងនៅថ្ងៃនេះថា ដោយមើលឃើញនូវសក្កានុពល ចំពោះតំបន់ជាយដែន នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី២ និងដោយសារតែមានការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ជាពិសេសនៅចំណុចបឹងជម្រុកតេជោឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់សង្គ្រាម ឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្ត និងបានការចូលរួមអភិវឌ្ឍន៍ ពីសំណាក់វិនិយោគិន ពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងបើកគម្រោងធ្វើផ្សារ ធ្វើវីឡា និងគម្រោងផ្ទះល្វែងមួយវិញទៀត គឺក្រុមហ៊ុន ប៉ាងណាគ្រី ផ្ទាល់ គឺកំពុងតែអភិវឌ្ឍទៅលើរោងចក្រ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងជាដើមហើយនោះ ទើបរូបលោកបានសម្រេចបោះទុន ចាប់ដៃគូជាមួយក្រុមហ៊ុន ប៉ាងណាគ្រី ដើម្បីវិនិយោគតំបន់នេះបន្ថែមទៀត។

លោក ខេមរៈ សិរីមន្ត បានបន្តឲ្យដឹងទៀតថា តាមពិតទៅគម្រោងរបស់លោក មានជាបន្តបន្ទាប់ ដោយគម្រោងទី១ មាន៥០០០ហិកតា តែសម្រាប់គម្រោងទី១នេះ ក្រុមហ៊ុនបានពុះដីល្វែងចំនួន ២០០ហិកតា គិតជាឡូតិ៍រាប់ម៉ឺនឡូតិ៍ឯណោះ ដោយក្រុមហ៊ុនយើងបានរៀបចំ សម្រាប់ប្រជាពលរដ្ឋ ឬអតិថិជនដែលបានជាវគម្រោងនេះ បង់ផ្ដាច់ត្រឹមតែ ១៩៥០ដុល្លារតែប៉ុណ្ណោះ។ បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាកខ្លាំង គ្រាន់តែចំណាយមួយខែដប់ម៉ឺនរៀល ក៏អាចបង់រំលស់បាន បើគិតជាថ្ងៃ គឺមួយថ្ងៃត្រឹមតែ ៣៣០០រៀលប៉ុណ្ណោះ។

តារាចម្រៀងល្បីលំដាប់ប្រទេសលោក ខេមរៈ សិរីមន្ត បន្តឲ្យដឹងថា ក្នុងការទិញដីពីក្រុមហ៊ុន គ្រាន់តែមានអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ គឺអាចទិញបាន ហើយនឹងទទួលបានប្លង់រឹងតែម្ដង។ សម្រាប់ការបង់រំលស់ បើប្រជាពលរដ្ឋនៅជិត អាចមកបង់នៅការិយាល័យ ដែលមានអាសយដ្ឋានភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ផ្ទាល់តែម្ដងក៏បាន។ តែចំពោះប្រជាពលរដ្ឋដែលនៅឆ្ងាយ អាចបង់តាមរយៈធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា, ធនាគារអេប៊ីអេ និងវីងក៏បាន។ កន្លងមកមានអតិថិជនជាច្រើន បានទំនាក់ទំនងមកទិញយ៉ាងច្រើន ក៏ប៉ុន្តែលោកមិនទាន់លក់នោះទេ គឺរង់ចាំដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបក្រុមហ៊ុនដាក់ឲ្យដំណើរការកក់លុយ និងទិញដីបាន ដើម្បីកុំឲ្យមានការទិញមុនទិញក្រោយ ដណ្ដើមយកតែកន្លែងល្អៗ។ បើសិនជាការលក់នេះដាច់អស់មុនគម្រោង លោកនឹងបន្តគម្រោងមួយទៀត នៅក្បែរនោះចំនួន ៥០០០ហិកតាបន្ថែមទៀត។

ដោយឡែក លោកស្រី ប៉ាង ណាគ្រី នាយិកាក្រុមហ៊ុន «ប៉ាងណាគ្រី» បានបន្ថែមថា ចំពោះដីដែលលក់បាន គឺក្រុមហ៊ុនយើងចំណាយ ២០% ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដូចជាទិញគ្រឿងបរិក្ខា និងថ្នាំពេទ្យជាដើម។ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលបានបង់រំលស់ ឬទិញដីដើម្បីសង់ផ្ទះរស់នៅ គឺពួកគាត់មានការងារធ្វើស្រាប់ ដោយមិនចាំបាច់ចំណាកស្រុក ទៅកាន់ប្រទេសជិតខាងនោះឡើយ។ ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុន គឺជួយអភិវឌ្ឍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាននេះ ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុនយើងសាងសង់សាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិត និងបានកម្រៃខ្ពស់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ២០២១នេះ លោកស្រី ប៉ាងណាគ្រី នាយិកាក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក និងតារាចម្រៀង លោក ខេមរៈ សិរីមន្ដ បានធ្វើសន្និសីទកាសែតមួយ នៅទីស្នាក់ការលក់អចលនទ្រព្យ របស់ក្រុមហ៊ុនស្ថិត នៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំបើកគម្រោងពុះដីឡូតិ៍ និងផ្ទះល្វែង។ គម្រោងនេះនឹងបើកទទួល ប្រាក់កក់ ពីអតិថិជនដែលមានបំណងចង់ជាវ ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ៕