(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូល K ជាមួយក្រុម U23 ហុងកុង នាវេលាម៉ោង ១១ព្រឹកនេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ខេត្ត Fukushima ប្រទេសជប៉ុន ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ។

ការប្រកួតនេះ ក្រុម U23 កម្ពុជា នឹងដឹកនាំដោយគ្រូបង្វឹកលោក Ryu Hirose ខណៈអ្នកចាត់ការទូទៅ លោក Keisuke Honda ពុំបានមកដឹកនាំផ្ទាល់នោះទេ ព្រោះលោកមានភារកិច្ចចាំបាច់ត្រៀមជួយក្លិប FK Suduva ប៉ះក្រុមការពារតំណែងជើងឯក Zalgiris នាថ្ងៃទី២៨-តុលា ដែលជាជំនួបដ៏សំខាន់ នៃលីគកំពូលប្រទេសលីទុយអានី(A Lyga 2021) ។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដោយត្រូវការពិន្ទុដាច់ខាតពីក្រុម U23 ហុងកុង ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ មុនក្រុម U23 កម្ពុជា ត្រូវធ្វើការងារធ្ងន់ នាការប្រកួតចុងក្រោយក្នុងពូល ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ។

ដើម្បីផ្ដល់នូវទស្សនីយភាពការប្រកួតជូនដល់អ្នកគាំទ្រកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានព្យាយាមទំនាក់ទំនងជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន(JFA) ក្នុងការស្នើសុំធ្វើការផ្សាយផ្ទាល់ ហើយភាគីជប៉ុន ក៏បានឯកភាព ដោយអនុញ្ញាតឲ្យក្រុមការងារ FFC ធ្វើការផ្សាយផ្ទាល់ទាំង ២ប្រកួតលើទំព័រហ្វេសបុកផ្ទាល់របស់សហព័ន្ធ និងប្រើកាមេរ៉ាតែមួយប៉ុណ្ណោះ ។

គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមាន ៤១ក្រុមចូមរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជា ស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន ។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមឈរលេខ១ នៃពូលនីមួយៗ រួមទាំងក្រុមលេខ២ ល្អជាងគេចំនួន ៤ក្រុម នឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ ៕