(រ៉ូម)៖ រដ្ឋាភិបាលនៃប្រទេសអ៉ីតាលីបានរៀបចំសំណើដើម្បីព្យាយាមបញ្ចុះបញ្ចូល ក្រុមហ៊ុនអាមេរិក Intel ឱ្យបោះទុនវិនិយោគនូវទឹកប្រាក់ រាប់ពាន់លានអឺរ៉ូទៅលើរោងចក្រផលិតបន្ទះសៀគ្វីទំនើបមួយនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលអាល្លឺម៉ង់បានឈានមុខតាមរយៈ រោងចក្រ ផលិតបន្ទះឈីបដ៏ធំដែលមានការវិនិយោគពីក្រុមហ៊ុនអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា សំណើរបស់រដ្ឋភិបាលអ៉ីតាលីនេះ គឺមានគោលដៅជួយជំរុញដល់សមត្ថភាពនៃផលិតនូវបន្ទះឈីបក្នុងតំបន់អឺរ៉ុប និងដើម្បីជៀសវាងការខ្វះខាតនូវការផ្គត់ផ្គង់នាពេលអនាគត ខណៈដែលពីរឆ្នាំចុងក្រោយនេះកង្វះខាតបន្ទះឈីបជាសកលបានធ្វើឱ្យប៉ះពាល់ដល់ ឧស្សាហកម្មផលិតរថយន្តខ្លាំងជាងគេបំផុត។

ប្រភពដែលច្បាស់ការបានបង្ហើបឱ្យដឹងថា អ៉ីតាលីកំពុងពិភាក្សាជាមួយក្រុមហ៊ុន Intel រួចទៅហើយអំពីការសក្តានុពលនៃការវិនិយោគ ដែលយោងទៅតាមការប៉ាន់ស្មានបឋម នឹងមានតម្លៃលើសពី ៤ពាន់លានអឺរ៉ូ (៤,៧ពាន់លានដុល្លារអាមេរិក) ប៉ុន្តែប្រភពមួយផ្សេងទៀតបាន បញ្ជាក់ថា ទឹកប្រាក់វិនិយោគអាចនឹងឈានដល់ ៨ពាន់លានអឺរ៉ូ ដោយអាស្រ័យលើផែនការរបស់ក្រុមហ៊ុន Intel។

យោងតាមប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលនៃប្រទេសអ៉ីតាលីបានត្រៀមខ្លួចរួចជាស្រេចក្នុងការសហការជាមួយ Intel ដោយក្នុងនោះ បានរៀបចំនូវមូលនិធិមួយសម្រាប់ការវិនិយោគ និងបានត្រៀមនូវលក្ខខណ្ឌដ៏អំណោយផលជាច្រើនសម្រាប់ Intel ហើយអ្វីដែលពិសេសនោះ គឺកម្លាំងពលកម្ម ខណៈដែលក្រុមអ្នកវិភាគបានលើកឡើងថា គម្រោងវិនិយោគនេះអាចនឹងផ្ដល់ឱកាសការងារថ្មីជាង ១០០០នាក់។

គួរបញ្ជាក់ផងដែរថា គម្រោងដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិកសម្រាប់តំបន់អឺរ៉ុបត្រូវបានគេមើលឃើញថាគឺស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានក្រុមហ៊ុនអាមេរិកដាក់ឈ្មោះឱ្យថា Megafactory៕