(ភ្នំពេញ)៖ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នឹងត្រូវជួបក្រុមកោះកុងអេហ្វស៊ី នាវេលាម៉ោង ៣រសៀលថ្ងៃទី២៣ ខែតុលានេះ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។

លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមកោះកុងអេហ្វស៊ីបានលើកឡើងថា នេះគឺជាការប្រកួតមួយដ៏តានតឹង ដែលត្រូវជួបក្លិបមានបទពិសោធន៍ជោគជាំក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត និងសម្បូរដោយកីឡាករល្អៗ។ ម្យ៉ាងខេត្តត្បូងឃ្មុំ ក៏មានពេលវេលាប្រមូលកម្លាំងគ្រប់គ្រាន់ផងដែរ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះដោយស្វ័យប្រវត្តិ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ។

អតីតគ្រូបង្វឹកអង្គរថាយហ្គឺរ និងវិសាខាបន្ដថា «សម្រាប់ការប្រកួតផ្តាច់ព្រ័ត្យនេះ ខ្ញុំគិតថា វានឹងតឹងតែងជាងកាលពីប្រកួតមុន ព្រោះខាងត្បូងឃ្មុំ គេជាក្រុមមួយ ដែលឆ្លងកាត់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់នេះច្រើនដង ហើយកីឡាករគេមានបទពិសោធន៍ច្រើនក្រាស់ក្រែលក្នុងពានរង្វាន់នេះ និងមានកីឡាករល្ឣៗច្រើនទៀតផង។ អ៊ីចឹងវាជាការប្រកួតមួយដ៏តានតឹងសម្រាប់ក្រុមខ្ញុំ»

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License ដដែលបានបន្ថែមថា «ក្រុមត្បូងឃ្មុំ មានពេលសម្រាកប្រមូលកំលាំងច្រើនគ្រប់គ្រាន់។ ប៉ុន្ដែឣ្វីៗសំខាន់ទៅលើការរៀបចំនៅលើទីលានផ្ទាល់ ថាតើកីឡាករខាងណា រៀបចំខ្លួនបានល្ឣជាង»។ ដូច្នេះលោក ហុក សុជីវ័ន ថា នឹងផ្ដោតសំខាន់លើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ មុនគិតដល់ការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ នាពេលខាងមុខ។

ចំពោះខេត្តត្បូងឃ្មុំវិញ នេះគឺជាឆ្នាំទី៣ ជាប់គ្នាដែលពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ក្នុងនោះធ្លាប់ដណ្ដើមបានជើងឯកម្ដងកាលពីឆ្នាំ២០១៩ និងជើងឯករងម្ដងកាលពីឆ្នាំ២០២០ កន្លងទៅ។ ដូច្នេះចាំមើលជំនួបវគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ រវាងខេត្តត្បូងឃ្មុំ ឬក្រុមកោះកុងអេហ្វស៊ី តើក្រុមណានឹងក្លាយជាជើងឯកពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្នាក់ខេត្តឆ្នាំនេះ?