(លីវើភូល)៖ ខ្សែប្រយុទ្ធស្នូល Mohamed Salah បានថ្លែងប្រាប់ BBC ថា រូបគេចង់បញ្ចប់អាជីពបាល់ទាត់នៅទឹកដី Anfield របស់ក្លិបហង្សក្រហម Liverpool។

កីឡាករអន្តរជាតិអេហ្ស៊ីប វ័យ ២៩ឆ្នាំខាងលើនេះបានបន្តថា គេចង់ចំណាយពេលលេងបាល់ទាត់ចុងក្រោយក្នុងក្លិប Liverpool ដ្បិតជួយក្លិបអង់គ្លេសមួយនេះឈ្នះពាន UEFA Champions League និងពាន Premier League រួចរាល់ហើយក្តី។

Salah បានមកចូលរួមលេងឲ្យ Liverpool នៅក្នុងឆ្នាំ២០១៧ ក្រោយផ្ទេរចេញពីក្លិបអ៉ីតាលី AS Roma ក្នុងតម្លៃខ្លួនប្រមាណ ៣៤លានផោន ដោយស៊ុតបញ្ចូលទីបាន ១៣៧គ្រាប់ ពីការចូលលេងបាន ២១៤ប្រកួតនៅ Anfield ក្រោមការបង្វឹករបស់លោក Jurgen Klopp ជាមួយនឹងការស៊ុតបាន ១២គ្រាប់ផងដែរនារដូវកាលនេះ។

កិច្ចសន្យាចាស់របស់ Salah ជាមួយហង្សក្រហម នឹងផុតកំណត់ដល់ឆ្នាំចុងបញ្ចប់នារដូវកាលក្រោយ ដោយលោកថ្លែងថា «វាមិនអាស្រ័យទៅលើខ្ញុំទាំងអស់នោះទេ តែវាអាស្រ័យទៅលើក្លិបត្រូវការខ្ញុំរហូតមកដែរ តែសម្រាប់ខ្ញុំវិញ ទីនេះជាផ្ទះទី២ របស់ខ្ញុំហើយ»

Mohamed Salah បានផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិបក្នុងស្រុក Al Mokawloon មុនផ្ទេរចេញទៅលេងឲ្យក្លិប Basel, Chelsea, Fiorentina និង Roma និងត្រៀមជួយក្លិបប្រកួតទល់នឹង Manchester United នៅទឹកដី Old Trafford នារាត្រីថ្ងៃអាទិត្យស្អែកនេះ និងសំលឹងរកគ្រាប់ស៊ុតបញ្ចូលទីជាប់ៗគ្នាសម្រាប់ ១០ប្រកួតចុងក្រោយផងដែរ៕