(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានឡើងទៅឈរនៅលេខរៀងទី៩ នៃតារាង Premier League ជាមួយនឹង ១៤ពិន្ទុក្នុងដៃ ក្រោយពេលយកឈ្នះ Aston Villa ៣-១ នៅទឹកដី Emirates នារាត្រីឆ្លងចូលថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Thomas Partey ដែលត្រូវបាន Arsenal ទិញពីក្លិប Atletico Madrid នា ២រដូវកាលមុននោះ បានរកគ្រាប់បើកឆាកនៅនាទី២៣ ក្រោយទទួលបាល់ពី Emile Smith Rowe ដែលលើកចេញពីជ្រុង មុនពេលខ្សែប្រយុទ្ធចំតួ Pierre-Emerick Aubameyang រកបានគ្រាប់ទី២ ដែលជាបាល់សល់ពីការទាត់ ១១ម៉ែត្រអត់ចូលរបស់ខ្លួននៅនាទី៤៥+៦ សង្ឃឹមទទួលបាន ៣ពិន្ទុក្នុងដៃ នៅពេលលេងស្មើ ២-២ ទល់នឹងក្រុមភ្ញៀវ Crystal Palace កាលក្នុងលីគនាសប្តាហ៍ទី៨។

តែយ៉ាងណាកីឡាករយុវជនវ័យ ២១ឆ្នាំ Emile Smith Rowe ក៏បន្តរកបានគ្រាប់ទី៣ នៅនាទី៥៦ ដែលស៊ុតទៅលើ Emiliano Martinez អតីតអ្នកចាំទីរបស់ Arsenal ដែលបានផ្ទេរទៅចូលរួមជាមួយ Aston Villa ស្ថិតក្រោមការបង្វឹករបស់លោក Dean Smith ដែលដឹកនាំចាញ់ ២ប្រកួតជាប់ៗគ្នានៅ Premier League ក្រោយពេលបរាជ័យក្នុងផ្ទះ ៣-២ នាសប្តាហ៍មុន ក្រោមថ្វីជើងរបស់ Wolves។

យ៉ាងនេះក្តី Aston ក៏វាយបកបាន ១គ្រាប់វិញផងដែរ នៅពេល Jacob Ramsey រកបានគ្រាប់ដំបូងឲ្យក្លិបរបស់គេនៅនាទី៨២ ដែលយឺតពេលណាស់ទៅហើយក្នុងការស្វែងរកពិន្ទុត្រឡប់ទៅផ្ទះវិញ៕