(ភ្នំពេញ)៖ ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានស្ថាប័នអន្តរជាតិ Globee® Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បីឈ្មោះមួយ ក្នុងការផ្ដល់រង្វាន់និ ងចំណាត់ថ្នាក់ផ្ដល់ជ័យលាភីជា Grand Globee Winner។ នេះបើតាមការឲ្យដឹងពី លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង បានឲ្យដឹងថា ក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងផ្ដល់ពានរង្វាន់ជ័យលាភី Grand Globee Winners នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី៨ នៃការផ្ដល់ពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ឆ្នាំ២០២១។

មិត្តហ្វូន ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៥ ដែលមានឈ្មោះជាប់ជាជ័យលាភី Grand Globee Winners រួមមាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy។

ពានរង្វាន់ទាំងនេះផ្ដោតទៅលើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្មនិងមាតិកាឌីជីថល ផងដែរ។ ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានទទួលស្គាល់ដោយផ្ដល់ជាពានរង្វាន់មាសចំនួន៣ សម្រាប់សេវានិងមាតិកាឌីជីថលដូចជា៖

១៖ CamID៖ ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តនៅលើទូរសព្ទដៃដែលល្អបំផុតប្រចាំឆ្នាំ។
២៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS)៖ ឈ្នះពានរង្វាន់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់ធុរកិច្ចដែលល្អបំផុតប្រចាំឆ្នាំ។
៣៖ វីដេអូភាគ «មាគ៌ាព្រះធម៌»៖ ឈ្នះពានរង្វាន់មាតិកាអប់រំនិងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ។

លោក ហ្វុង វ៉ាន់ គឿង បានបន្ថែមថា «ពានរង្វាន់ដ៏ថ្លៃថ្លានេះបញ្ជាក់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិត្តហ្វូន នៅក្នុងបេសកកម្មបង្កើតសង្គមឌីជីថលមួយនៅកម្ពុជា»

លោក ហ្វុង វ៉ាន់ គឿង បន្ថែមទៀតថា «យើងពិតជាដឹងគុណយ៉ាងខ្លាំងក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិកនិយោជិត និងដៃគូអាជីវកម្មរបស់យើង ដែលបានជួយឲ្យយើងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ»

នាយកប្រតិបត្តិរូបនេះបានឲ្យដឹងថា សេវាកម្ម និងផលិតផលឌីជីថលដែលបានទទួលពានរង្វាន់មាសពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) និងវីដេអូភាគ «មាគ៌ាព្រះធម៌»

CamID គឺជា កម្មវិធីដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន និងជាវេទិកាឌីជីថលដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) គឺជាឧបករណ៍បច្ចេកវិទ្យាមួយ ដែលក្រុមហ៊ុនមិត្តហ្វូនបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស។

ចំណែកកម្មវិធី «មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន។

រឿងនិទានទាំងឡាយនៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា»។

លោកបានបញ្ជាក់ថា «មាតិកាវីដេអូនេះធ្វើឲ្យដំណើររឿងរបស់ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិតនៃការសាងអំពើល្អនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប»

គួរបញ្ជាក់ថា ពានរង្វាន់ Globee Awards ត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធីនិងការប្រកួតប្រជែងចំនួន ១១ ប្រភេទរួមមាន៖
the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards; និង the Women World Awards®៕