(បរទេស)៖ គំនិតនៃការបង្កើតយន្តហោះ គឺបានកើតឡើងតាំងពីសម័យក្រិកបុរាណ ឆ្នាំ៤០០ មុនគ្រិស្ដសករាជ រហូតដល់ចុងសតវត្សទី១៩ នៃគ្រិស្ដសករាជ ហើយបានធ្វើឱ្យអ្នកផលិតស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ក្នុងពេលធ្វើតេស្តសាកល្បងគ្រឿងយន្តទាំងនោះ ទម្រាំអាចផលិតដោយជោគជ័យបាន គេត្រូវរង់ចាំរហូតដល់ដើមសតវត្សទី២០។

banner

* តើនរណាជាអ្នកបង្កើតយន្តហោះដោយជោគជ័យដំបូងគេ?

ប្រសិនបើអ្នកកំពុងរស់នៅសហរដ្ឋអាមេរិកនាអំលុងដើមសតវត្សទី២០ អ្នកប្រាកដជាបានស្គាលបងប្អូនជនជាតិអាមេរិកពីរនាក់ ដែលបានសម្រេចជោគជ័យក្នុងការបង្កើតយន្តហោះ។ ពួកគេទាំងពីរ គឺ វីលបឺរ រ៉ាយត៍ (Wilbur Wright) និង អូរវីល រ៉ាយត៍ (Orville Wright)។

វីលបឺរ កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៦៧ នៅរដ្ឋអ៉ីនឌីយ៉ាណា នៃសហរដ្ឋអាមេរិក។ លោកជាកូនកណ្តាលនៅក្នុងគ្រួសារ រ៉ាយត៍ ដែលមានបងប្អូនសរុប៥នាក់។ ដៃគូលេងកម្សាន្តតាំងពីកុមារភាពរបស់លោក វីលបឺរ គឺប្អូនប្រុសរបស់លោកឈ្មោះ អូរវីល ដែលបានកើតនៅក្នុងឆ្នាំ១៨៧១។ ជារឿយៗឪពុកអ្នកទាំងពីរ គឺលោក មីលតុន (Milton Wright) តែងតែត្រឡប់ផ្ទះវិញជាមួយប្រដាប់ប្រដាក្មេងលេងសម្រាប់កូនៗរបស់លោក។ នៅឆ្នាំ១៨៧៨ លោកបាននាំយករបស់លេងមួយដែលមើលទៅដូចជា «ឧទ្ធម្ភាគចក្របច្ចុប្បន្ន» ធ្វើឡើងអំពីឈើ ឫស្សី និងក្រដាស ហើយស្លាបរបស់វាវិលដោយប្រើកៅស៊ូ។ របស់ក្មេងលេងមួយនោះ ត្រូវបានធ្វើឡើងដោយផ្អែកលើគំរូរចនាមួយរបស់អ្នកជំនាញគ្រឿងយន្តហោះហើរជនជាតិបារាំង។ ចាប់តាំងពីនោះមក បងប្អូនទាំងពីរនាក់ក៏ចាប់ផ្តើមមានចិត្តស្រលាញ់ចូលចិត្តការហោះហើរ។

ពេលធំដឹងក្តីឡើង វីលបឺរ និង អូរវីល តែងតែធ្វើការងារពាក់ព័ន្ធនឹងគម្រោងមេកានិចជាច្រើន ហើយតាមដានជាប់និច្ចចំពោះការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត។ បងប្អូនត្រកូលរ៉ាយត៍ទាំងពីរនាក់បានផ្តោតការចាប់អារម្មណ៍ ជាពិសេសទៅលើការងារស្រាវជ្រាវរបស់អ្នកជំនាញផ្នែកហោះហើរជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អូតតូ លីលេយានថាល (Otto Lilienthal)។ ប៉ុន្តែជាអកុសល លីលេយានថាល ក៏ត្រូវបាត់បង់ជីវិតក្នុងពេលលោកធ្វើតេស្តយន្តហោះសំកាំងមួយ។ ចាប់តាំងពីពេលនោះ បងប្អូនត្រកូលរ៉ាយត៍ទាំងពីរនាក់នេះបានប្ដេជ្ញាចិត្តថា ពួកគេនឹងចាប់ផ្តើមការពិសោធន៍ដោយខ្លួនឯងជាមួយការហោះហើរថ្មី។

អ្នកទាំងពីរបានធ្វើដំណើរទៅក្រុង Kitty Hawk ក្នុងរដ្ឋខារ៉ូលីណាខាងជើង ដោយសារតែនៅទីនោះមានខ្សល់បក់ខ្លាំង អំណោយផលសម្រាប់ការអភិវឌ្ឍយន្តហោះរបស់ពួកគេ។ ពួកគេទាំងពីរបានព្យាយាមស្វះស្វែងរករបៀបរចនាស្លាបយន្តហោះរបស់ខ្លួន រហូតដល់បានបង្កើតគំរូស្លាបមួយហៅថា Wing Warping (វីង វ័រភីង) ដែលយកលំនាំតាមការបត់បែនស្លាបសត្វបក្សី។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ វីលបឺរ និង អូរវីល បានទទួលជោគជ័យក្នុងការហោះហើរយន្តហោះ ដែលមានការបញ្ជាគ្រប់គ្រងដំណើរការដោយម៉ាស៉ីន និងមានទម្ងន់ធ្ងន់ជាងខ្យល់។ វីលបឺរ ហោះហើរបានរយៈពេល៥៩វិនាទី នៅរយៈកម្ពស់២៦០ម៉ែត្រ ពោលជាសមិទ្ធផលអស្ចារ្យមួយ។ យន្តហោះរបស់អ្នកទាំងពីរត្រូវបានដាក់ឈ្មោះឱ្យថា «The Flyer»។ ពីរឆ្នាំក្រោយមក ពួកគេក៏សម្រេចបាននូវយន្តហោះផ្លូវការ ដែលអាចប្រើសម្រាប់ការធ្វើដំណើរលើអាកាស។

នៅក្នុងឆ្នាំ១៩០៨ វីលបឺរ រ៉ាយត៍ បានសម្រេចចិត្តធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ក្រោមក្តីសង្ឃឹមថាលោកនឹងទទួលបានការកោតសរសើរនៅទីនោះ និងមានឱកាសលក់យន្តហោះដែលលោក និងប្អូនប្រុសបានអភិវឌ្ឍឡើងនោះ។ មកដល់ប្រទេសបារាំង វីលបឺរ ទទួលបាននូវការស្វាគមន៍ពីមហាជន។ លោកបានធ្វើបទបង្ហាញហោះហើរជាច្រើន និងអនុញ្ញាតឱ្យមន្រ្តីរាជការ អ្នកកាសែត និងឥស្សរជនរាប់មិនអស់ជិះយន្តហោះរបស់ខ្លួន។ នៅឆ្នាំ១៩០៩ លោក អូរលីវ ក៏បានធ្វើដំណើរមកអឺរ៉ុបតាមក្រោយ ដើម្បីជួបជុំបងប្រុសរបស់លោក។ បងប្អូនត្រកូលរ៉ាយត៍បានមានឈ្មោះបោះសំឡេងកាន់តែខ្លាំងនៅទីនោះ ដោយសែរាជវង្ស ព្រមទាំងប្រមុខរដ្ឋនៃប្រទេសផ្សេងៗបានអញ្ជើញពួកគេឲ្យចូលជួប ហើយពួកគេបានលេចមុខនៅលើទំព័រកាសែតជាប្រចាំ។

បងប្អូនត្រកូលរ៉ាយត៍បានចាប់ផ្តើមលក់យន្តហោះនៅអឺរ៉ុប មុននឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនៅក្នុងឆ្នាំ១៩០៩។ អ្នកទាំងពីរបានក្លាយជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ខណៈយន្តហោះរបស់ពួកគេលក់ដាច់ជាខ្លាំង ទាំងនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ លោក វីលបឺរ បានទទួលមរណភាពក្នុងឆ្នាំ១៩១២ ដោយសារជំងឺគ្រុនពោះវៀន ខណៈលោក អូរវីល បានទទួលមរណភាពនៅឆ្នាំ១៩៤៨ ដោយសារជំងឺគាំងបេះដូង។

គួរជម្រាបថា ទោះបីយន្តហោះក្នុងទម្រង់ផ្សេងៗច្រើនមានវត្តមានមុនយន្តហោះរបស់បងប្អូនត្រកូលរ៉ាយ៍ក៏ដោយ ក៏មនុស្សភាគច្រើនបានចាត់ទុកអ្នកទាំងពីរ គឺជាអ្នកបង្កើតយន្តហោះដោយជោគជ័យមុនគេ។ គិតចាប់តាំងតែពីយន្តហោះដំបូងដែលបងប្អូនត្រកូលរ៉ាយត៍បង្កើតឡើង យានជំនិះលើអាកាសនេះបានវិវត្តខ្លួនជាខ្លាំងមកទល់សព្វថ្ងៃ៕