(ម៉ូស្គូ)៖ ក្រុមហ៊ុន Samsung នៅពេលនេះកំពុងតែប្រឈមមុខនឹងភាពតាមតឹងផ្លូវច្បាប់នៅក្នុងប្រទេសរុស្សី ក្រោយពីតុលាការបានរកឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កូរ៉េខាងត្បូងមួយនេះបានរំលោភលើច្បាប់ប៉ាតង់ ព្រមទាំងហាមឃាត់ការនាំចូល និងលក់ស្មាតហ្វូនរហូតដល់ ៦១ម៉ូដែលថែមទៀតផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការរុស្សីបានចេញសេចក្ដីសម្រេច ជាលើកដំបូងថា Samsung Pay ដែលជាសេវាកម្មតទូទាត់ប្រាក់របស់ក្រុមហ៊ុន Samsung បានរំលោភលើប៉ាតង់របស់ ក្រុមហ៊ុនស្វីស Sqwin Sa ដោយក្នុងនោះបានហាមឃាត់ការនាំចូល និងលក់ស្មាតហ្វូនចំនួន ៦១ម៉ូដែល ដែលមានសេវាកម្ម Samsung Pay។

នៅក្នុងសេចក្ដីបញ្ជាក់របស់តុលាការបានឱ្យដឹងថា ក្រុមហ៊ុន Sqwin Sa បានកាន់កាប់ប៉ាតង់ខាងលើកាលពីឆ្នាំ២០១៣ ហើយក្រុមហ៊ុន Samsung បានប្រកាសបង្ហាញ Samsung Pay កាលពីឆ្នាំ២០១៥ និងបានដាក់ឱ្យប្រើនៅរុស្សីក្នុងឆ្នាំ២០១៦ ខណៈដែល ព័ត៌មានលម្អិត អំពី ប៉ាតង់នេះពុំត្រូវបានបង្ហាញឡើយ។

គិតត្រឹមបច្ចុប្បន្ននេះ Samsung Pay បានជាប់ចំណាត់ថ្នាក់លេខ៣ នៃសេវាកម្មទូទាត់ប្រាក់តាមអនឡាញដែលពេញនិយម និងមាន ចំនួន អ្នក ប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសរុស្សី ដោយគិតជាចំណែកទីផ្សារមានរហូតដល់ ១៧ភាគរយ ខណៈ Apple Pay មាន ៣០ភាគរយ និង Google Pay ចំនួន ៣២ភាគរយ៕