(ភ្នំពេញ)៖ ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី បានក្លាយជាជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ។

ជំនួបកាត់សេចក្ដីនេះ ក្រុមកោះកុងអេហ្វស៊ី បានបើកការនាំមុខ ១គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ប៉ែន បញ្ញាវឌ្ឍ នៅនាទី៣៧ ។ ចូលវគ្គទី២ កោះកុងកាន់តែមានប្រៀប បន្ទាប់ពីខេត្តត្បូងឃ្មុំ បាត់បង់ខ្សែការពារម្នាក់ គឺកីឡាករ លី រមី បន្ទាប់ពីរងពិន័យកាតលឿងលើកទី២ ស្មើនឹងកាតក្រហម ធ្វើឲ្យកោះកុង មានឱកាសបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ ជៀន វិសាល នៅនាទី៨១ និងកីឡាករ ពៅ ភារិទ្ធ នៅនាទី៩០+៤។

នេះគឺជាលើកដំបូងហើយ ដែលក្រុមកោះកុងអេហ្វស៊ី បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ២០២១។ រីឯខេត្តត្បូងឃ្មុំ បានត្រឹមជើងឯករងជាលើកទី២ ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៣លើក ដែលពួកគេធ្លាប់គ្រងជើងឯកម្ដង កាលពីឆ្នាំ២០១៩ មុនទទួលបានជើងឯករង ២ឆ្នាំជាប់គ្នា នៅឆ្នាំ២០២០ និងឆ្នាំ២០២១នេះ។ យ៉ាងណាមិញក្រុមទាំងពីរ រួមទាំងក្រុមលេខ៣ ខេត្តបន្ទាយមានជ័យ នឹងត្រូវដឹកដៃគ្នាឡើងទៅលេងពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ បន្ដទៀត នាពេលខាងមុខ៕