(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្តូរចំណាត់ថ្នាក់របស់កម្ពុជាពីលេខ១៧៨ មកលេខរៀងទី១៧០ វិញ ក្នុងចំណោមក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកបុរសទាំង ២១០ប្រទេស និងដែនដី។ ការប្តូរចំណាត់ថ្នាក់នេះធ្វើឡើងបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ជោគជ័យយ៉ាងខ្លាំងពីការប្រកួតនៅប្រទេសបារ៉ែនកាលពីពេលថ្មីៗនេះ ហើយនេះក៏ជាសក្ខីភាពបង្ហាញថា វិស័យបាល់ទាត់របស់កម្ពុជា រីកចម្រើនជាងមុនដែរ។ នេះបើតាមគេហទំព័រផ្លូវការរបស់ FIFA។

សូមជម្រាបថា ក្រុមគោព្រៃកម្ពុជាបានយកឈ្នះកោះហ្កាំរបស់សហរដ្ឋអាមេរិក ទាំងពីរជើងកាលពីសប្តាហ៍មុន និងបានឡើងទៅកាន់វគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup ទៀតផង។

ការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់បាល់ទាត់ក្រុមជម្រើសជាតិ ត្រូវបានបង្ហាញដោយ FIFA កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ គឺកម្ពុជាឈរនៅលេខរៀង ១៧០ កើនឡើង ៨ចំណាត់ថ្នាក់។ ចំណាត់ថ្នាក់របស់ FIFA ដែលទើបធ្វើបច្ចុប្បន្នភាព រួមបញ្ចូលទាំង ២១០ប្រទេស និងដែនដី ដែលមកពីទ្វីបអាស៊ី អាមេរិកខាងត្បូង អាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក និងអូសេអានី។ ការធ្វើចំណាត់ថ្នាក់ត្រូវបានចេញផ្សាយជារៀងរាល់ខែ គឺផ្អែកលើលទ្ធផលរបស់ក្រុមជម្រើសជាតិ នៅក្នុងការប្រកួតអន្តរជាតិដែលមានការរៀបចំដោយ FIFA។

កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១៧៨ ក្នុងពិភពលោកកាលពីខែមុន ក្រោយការបង្ហាញខ្លួនមិនបានល្អសោះក្នុងវគ្គជម្រុះ World Cup 2022។ ក្រុមគោព្រៃ មិនឈ្នះសូម្បីតែ ១ប្រកួតនៅក្នុងជុំទី២ នៃវគ្គជម្រុះ World Cup ដោយរងការចាញ់ដ៏ឈឺចាប់ពេលប៉ះអ៉ីរ៉ង់ អ៉ីរ៉ាក់ និងបារ៉ែន ខណៈការធ្វើបានល្អបំផុតនោះ គឺធ្លាប់ស្មើជាមួយហុងកុង របស់មហាយក្សចិន ក្នុងលទ្ធផល ១ទល់នឹង១។

ដោយសារការបន្តទទួលបានកៅអីលេងនៅពាន AFC U-23 Asian Cup ក៏ជាហេតុធ្វើឲ្យកម្ពុជាមានក្តីសង្ឃឹមថា ខ្លួនមានលទ្ធភាពកើនចំណាត់ថ្នាក់ នាពេលខាងមុខជាបន្តបន្ទាប់ទៀតផង គ្រាដែលការប្រកួតធ្វើឡើងក្នុងសប្តាហ៍នេះ។

ទោះយ៉ាងណាក៏ដោយ វាមិនទំនងនោះទេដែលថាកម្ពុជានឹងឈានដល់កម្រិតដ៏ល្អក្នុងពេលឆាប់ៗ។ កម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់បំបែកឯកទកម្ម ឈរនៅលេខរៀង១៥៣ ក្នុងខែមីនា ឆ្នាំ២០១១ ម្តងដែរ ខណៈចំណាត់ថ្នាក់ដ៏ទាបបំផុតក្នុងប្រវត្តិសាស្ត្រគឺ ឈរនៅចំណាត់ថ្នាក់លេខ១៩៨ កាលពីខែសីហា ឆ្នាំ២០១៤។

បើតាម FIFA បានឲ្យដឹងថា ប៊ែលហ្ស៉ិក ជាប់ចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយ ប្រេស៉ីល, បារាំង, អ៉ីតាលី, អង់គ្លេស, អាហ្សង់ទីន, អេស្ប៉ាញ, ព័រទុយហ្កាល់, ម៉ិចស៉ីកូ, និងដាណឺម៉ាក។ ជម្រើសជាតិប៊ែលហ្ស៉ិក ដែលមានកំពូលកីឡាករដូចជា Eden Hazard, Kevin De Bruyne និង Romelu Lukaku បានកាន់កាប់ចំណាត់ថ្នាក់កំពូលតារាងតាំងពីឆ្នាំមុនម្ល៉េះ ហើយក៏មិនទាន់មានប្រទេសណាទាញទម្លាក់បាននៅឡើយដែរ។

ចំណែកឯអ៉ីរ៉ង់ ដែលឈរនៅលេខរៀង២២ វិញនោះ គឺជាក្រុមដ៏ល្អបំផុតនៅទ្វីបអាស៉ី តាមពីក្រោយដោយជប៉ុនឈរនៅលេខ២៨, កូរ៉េខាងត្បូង ឈរនៅលេខ៤៦, និងអារ៉ាប់ប៊ីសាអ៊ូឌីត ឈរនៅលេខរៀង៤៩។ វៀតណាមវិញ គឺជាក្រុមដ៏ល្អបំផុត នៅអាស៉ីអាគ្នេយ៍ (ASEAN) ដែលឈរនៅលេខរៀង ៩៨ តាមពីក្រោយដោយថៃ ឈរនៅលេខរៀង១១៧, ហ្វីលីពីន ឈរនៅលេខរៀង១២៧, មីយ៉ាន់ម៉ា ឈរនៅលេខរៀង១៤៥, ម៉ាឡេស៉ី ឈរនៅលេខរៀង ១៥៥, ឥណ្ឌូនេស៉ី ឈរនៅលេខរៀង ១៦៥, ឡាវ ឈរនៅលេខរៀង ១៨៥, និងព្រុយណេ ឈរនៅលេខរៀង១៨៩៕