(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris St Germain បានជាសះស្បើយពីរបួសក្រលៀន ហើយបានវិលត្រឡប់ចូលក្រុម ជាមួយកីឡាករ Lionel Messi និង Kylian Mbappe វិញ នៅក្នុងការប្រយុទ្ធ តទល់នឹងក្រុម Olympique de Marseille នៅថ្ងៃអាទិត្យស្អែកនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

banner

កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល, ដែលបានខកខាន ការប្រកួតធ្វើជាម្ចាស់ផ្ទះ ក្នុងលទ្ធផលឈ្នះ៣-២ លើក្រុម RB Leipzig នៃលីគ Champions League កាលពីថ្ងៃអង្គាររូបនេះ, ត្រូវបានគេរំពឹងថា នឹងមានវត្តមានវិញ នៅក្នុងក្រុម។

ជាមួយគ្នានោះ កីឡាករខ្សែការពារ Sergio Ramos, ដែលមិនបានលេង ចាប់តាំងពីចូលរួមជាមួយក្លិប ក្រោយចាកចេញពីក្លិប Real Madrid នៅអំឡុងពេលបិទរដូវកាល ដោយសារបញ្ហារបួសកំភួនជើងនោះ, នៅតែបន្តហ្វឹកហាត់ម្នាក់ឯង ខណៈខ្សែបម្រើ Leandro Paredes នឹងខកខានការប្រកួត ដោយសាររបួសភ្លៅ។

«Neymar នឹងមានវត្តមាននៅក្នុងការប្រកួត», នេះបើតាមសម្តីលោកគ្រូបង្វឹក Mauricio Pochettino បានលើកឡើងនៅថ្ងៃសៅរ៍នេះ។

PSG បានឈ្នះ៨ប្រកួត ក្នុងចំណោម១០ប្រកួតចុងក្រោយ ដែលប្រកួតប៉ះនឹងក្រុម Marseille, ខណៈក្រុមនេះ កំពុងស្វែងរកជ័យជំនះ ជាលើកដំបូងរបស់ពួកគេ នៅពហុកីឡដ្ឋាន Velodrome ដែលប៉ះនឹងក្រុម PSG ក្នុងរយៈពេល១០ឆ្នាំ៕

 

" width="730" />