(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ (Tennis) ជម្រើសជាតិកម្ពុជា មិនអាចប្រជែងកៅអីក្រុមទី៣ នៃព្រឹត្តិការណ៍ Davis Cup 2022 បានឡើយ ពោលគឺបានត្រឹមរក្សាកៅអីក្រុមទី៤ នៃព្រឹត្តិការណ៍កីឡាវាយកូនបាល់ពានរង្វាន់អន្ដរជាតិប្រចាំទ្វីបអាស៊ី/អូសេអានី Davis Cup (Asia/Oceania Group IV) បន្ទាប់ពីរងបរាជ័យ ២-១ ក្រោមថ្វីដៃក្រុមអារ៉ាប់ប៊ីសាអូឌីត ក្នុងជំនួបវគ្គ Play-Off នៅប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ។

សម្រាប់ការប្រកួត Play-Off ខ្វែងពូលខាងលើ ក្រុមកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុពូល C ដោយឈរលេខរៀងទី២ ត្រូវជួបក្រុមលេខ១ នៃពូល A គឺក្រុមអារ៉ាប់ប៊ីសាអូឌីត ។ ជាលទ្ធផលការប្រកួតវិញ្ញាសាឯកត្តជន ក្រុមទាំងពីរ បានឈ្នះ-ចាញ់គ្នាទៅវិញទៅមក ក្នុងនោះកីឡាករកម្ពុជា ឡុង សំនៀង បានចាញ់កីឡាករ Alhaqbani ដោយពិន្ទុ ៦-១ និង ៧-៥ ខណៈ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Alhogabni ដោយពិន្ទុ ៦-៤ និង ៤-០ ។

ចូលដល់វិញ្ញាសាវាយគូ ដែលជាការប្រកួតកាត់សេចក្ដី រវាងក្រុមទាំងពីរ កម្ពុជាតំណាងដោយកីឡាករ ឡុង សំនៀង និង ប៊ុន កេន្នី ដដែល បានចាប់ដៃគ្នា ប្រកួតជាមួយក្រុមកីឡាករអារ៉ាប់ប៊ីសាអូឌីត Alhogabni និង Alerbdi តែគួរឲ្យសោកស្ដាយក្រុមកីឡាករកម្ពុជា បានបរាជ័យ ២សិតជាប់គ្នា ដោយពិន្ទុ ៦-០ និង ៦-៤ ធ្វើឲ្យក្រុមកីឡាវាយកូនបាល់កម្ពុជា មិនអាចឡើងទៅក្រុមទី៣ នៃព្រឹត្តិការណ៍ Davis Cup 2022 បានឡើយ ។

ការប្រកួត Davis Cup ក្រុមទី៤ ឆ្នាំនេះ មាន ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវប្រកួត Play-Off ខ្វែងពូល ដើម្បីកំណត់តក្រុមឈ្នះ ៣ក្រុមឡើងទៅក្រុមទី៣ នាឆ្នាំ២០២២ ខណៈក្រុមចាញ់ ត្រូវរក្សានៅក្រុមទី៤ ដដែល ។ ជាលទ្ធផលក្រៅពីអារ៉ាប់ប៊ីសាអូឌីត មាន ២ក្រុមទៀត ក៏បានដឹកដៃគ្នាឡើងក្រុមទី៣ ដែរ រួមមានអ៊ីរ៉ង់ ក្រោយយកឈ្នះអ៊ីរ៉ាក់ ៣-០ និងក្រុមអារ៉ាប់រួម យកឈ្នះក្រុមតួកមេនីស្ថាន ២-១ ។

គួរដឹងថា បេសកកម្មនេះ កម្ពុជាបានបញ្ជូនកីឡាករ ៤រូបទៅចូលរួម រួមមានកីឡាករ ប៊ុន កេន្នី, ឡុង សំនៀង, ទេព ធីម៉ូធី និងកីឡាករ ឃ្លាំង ពន្លក ក្រោមការដឹកនាំរបស់លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។ ចំពោះលទ្ធផលប្រកួតក្នុងពូល C ក្រុមកម្ពុជា បានយកឈ្នះក្រុមយេម៉ែន ៣-០ និងបន្ដឈ្នះក្រុមកៀហ្ស៊ីស៊ីស្ថាន ២-១ មុនចាញ់អ៊ីរ៉ង់ ៣-០ និងចាញ់ក្រុមអារ៉ាប់ប៊ីសាអូឌី ២-១ ក្នុងវគ្គ Play-Off ម្សិលមិញ ៕