(ភ្នំពេញ)៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង ៦រូប រួមមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិ ដោយសុវត្ថិភាពវិញហើយ នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ។

ដំណើរមាតុភូមិនិវត្តន៍របស់សមាជិកក្រុមគោព្រៃកម្ពុជានេះ បន្ទាប់ពីពួកគេ បានសម្រាកព្យាបាលអស់រយៈពេល ១០ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន និងបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់ ក្រោយធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី១(ម្នាក់) និងជើងទី២(៥នាក់) ជាមួយកោះហ្គាំ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 កាលពីថ្មីៗកន្លងទៅ ។

តាមការបញ្ជាក់របស់កីឡាករនីមួយៗ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាក្រុមការងារក្រុមជម្រើសជាតិកម្ពុជា រួមទាំងសហព័ន្ធកីឡាបាល់ទាត់បារ៉ែន និងក្រុមគ្រូពេទ្យបារ៉ែន ពិសេសការសួរសុខទុក្ខ និងជូនពរពីសំណាក់អ្នកគាំទ្រកម្ពុជា បានធ្វើឲ្យពួកគេ មានអារម្មណ៍កក់ក្ដៅ និងព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ រហូតជាសះស្បើយ និងបានត្រឡប់មកមាតុភូមិវិញ ។

សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើមាន ៥រូប រកឃើញវិជ្ជមានកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ លើកលែងតែ សារ៉េត គ្រីយ៉ា ដែលរកឃើញមុនការប្រកួតជើងទី១។ យ៉ាងណាមិញក្រុមគោព្រៃកម្ពុជាបានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង២ជើងក្នុងលទ្ធផល ៣-១ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាកន្លងទៅ៕