(បាសេឡូណា)៖ ខ្សែការពារចំណូលថ្មី David Alaba រកបានគ្រាប់ដំបូងឲ្យ Real Madrid ក្នុងជំនួបដែលបានយកឈ្នះម្ចាស់ផ្ទះ FC Barcelona ២-១ នៅ El Clasico ក្នុងលីគ La Liga របស់អេស្ប៉ាញ។

banner

ខ្សែការពារសញ្ជាតិអូទ្រីស Alaba បានបញ្ចប់ទីយ៉ាងល្អសម្រាប់គ្រាប់ដំបូងឲ្យ Real Madrid មុនពេលមិត្តរួមក្រុម Lucas Vazquez ធ្វើបានសម្រេចគ្រាប់ទី២ គ្រាដែលខ្សែប្រយុទ្ធ Sergio Aguero ក៏រកបានគ្រាប់ដំបូងឲ្យ FC Barcelona ផងដែរនៅនាទីចុងម៉ោង។

ការបរាជ័យក្នុងដីនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ronald Koeman ធ្លាក់ទៅឈរលេខរៀងទី៩ នៃ La Liga បណ្តោះអាសន្នដោយមានត្រឹម ១៥ពិន្ទុប៉ុណ្ណោះ ចាញ់ក្រុមកំពូលតារាង Real Sociedad ៦ពិន្ទុ នៅពេល Real Madrid ឈរនៅលេខ២ ដោយមាន ២០ពិន្ទុក្នុងដៃគិតត្រឹម ៩សប្តាហ៍សម្រាប់ជើងទី១ នេះ។

Barcelona ដែលលេងនៅពីមុខអ្នកគាំទ្រផ្ទាល់ប្រមាណ ៨៦០០០នាក់ស្ទើរតែពេញកីឡដ្ឋាន Camp Nou បានបង្ហាញទម្រង់លេងមិនបានល្អឡើយនៅពេលអ្នកចាំទី Thibaut Courtois ធ្វើការសង្រ្គោះបាល់បានតែម្តងគត់ នៅពេលដែលយុវជនវ័យ ១៧ឆ្នាំ Gavi បានក្លាយជាកីឡាករក្មេងជាងគេដែលបង្ហាញខ្លួនក្នុងជំនួប El Clasico គិតចាប់តាំងពីឆ្នាំ១៩៤១ មក៕