(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបរាជ័យក្នុងផ្ទះ ៥-០ ក្រោមថ្វីជើងរបស់ហង្សក្រហម Liverpool នៃសប្តាហ៍ទី៩ ប្រចាំ Premier League រដូវកាលនេះនៅពេលខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah រកបាន ៣គ្រាប់ម្នាក់ឯង។

កីឡាករវ័យ ២៩ឆ្នាំ Salah បានក្លាយជាខ្សែប្រយុទ្ធទី១ ដែលធ្វើបានហែតទ្រីកនៅទឹកដី Old Trafford មានរយៈពេលច្រើនជាង ១៨ឆ្នាំសម្រាប់ Man Utd ដែលចាញ់ទក់សាចក្នុងដីបែបនេះ ដែលធ្វើឲ្យអ្នកចាត់ការទូទៅ លោក Ole Gunnar Solskjaer កាន់តែរងសម្ពាធខ្លាំងឡើង។

នេះក៏ជាការចាញ់ច្រើនគ្រាប់លើកទី២ ផងដែរ គិតចាប់តាំងពី United ចាញ់ Manchester City ក្នុងលទ្ធផល ៦-១ មុនពេលមកចាញ់ ៥គ្រាប់បែបនេះទៀត ពេលប៉ះក្រុមរបស់លោក Jurgen Klopp ក្នុងជើងទី១ នៃលីគកំពូលអង់គ្លេស។

Mohamed Salah ដែលបានផ្ទេរចេញពី AS Roma មកចូលរួមជាមួយ Liverpool ក្នុងឆ្នាំ២០១៧ នោះ រកបានគ្រាប់បញ្ចូលទី ១០ប្រកួតចុងក្រោយជាប់ៗគ្នា គ្រប់កម្មវិធីប្រកួតជួយ Liverpool បន្តលេងមិនចាញ់នៅ Premier League និងបន្តដេញតាមពីក្រោយក្រុមកំពូលតារាង Chelsea ១ពិន្ទុដដែល៕