(អាមេរិក)៖ ក្រុមហ៊ុន Apple ថ្មីៗនេះបានរងនូវពាក្យបណ្ដឹងរំលោភលើប៉ាតង់ថ្មីចំនួនពីរបន្ថែមទៀតទាក់ទងនឹង Camera lens designs និងបច្ចេកវិទ្យា NFC ដោយក្នុងនោះ iPhone 13 Pro និង iPhone 13 Pro Max ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះផលិតផលដែលបានរំលោភ លើប៉ាតង់ផងដែរ។

banner

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន ImmerVision បានប្ដឹងក្រុមហ៊ុន Apple ថាបានរំលោភលើប៉ាតង់របស់ខ្លួនទៅលើបច្ចេកវិទ្យា និងសមត្ថភាពនៃការថតរូបភាពនៅលើ iPhone ដោយក្នុងនោះ iPhone 13 Pro និង iPhone 13 Pro Max ដែលទើបប្រកាសបង្ហាញកាលពីថ្មីៗក៏ជាប់នៅក្នុងបញ្ជីឈ្មោះផងដែរ។

នៅក្នុងពាក្យបណ្ដឹងបានពន្យល់លម្អិតអំពីទិចនិចដែល Apple បានរំលោភលើច្បាប់ប៉ាតរបស់ ImmerVision ប៉ុន្តែមិនបានប្រកាសបង្ហាញ ជាសាធារណៈឡើយ គ្រាន់តែដឹងថា ក្រុមហ៊ុន ImmerVision បានប្ដឹងទាមទារសំណងក្នុងទំហំទឹកប្រាក់មួយដ៏ច្រើនសន្ធឹក ព្រោះថាមាន iPhone របស់ Apple ជាច្រើនជំនាន់បានប្រើប្រាស់ប៉ាតង់មួយនេះដោយគ្មានការអនុញ្ញាត។

ចំណែកបណ្ដឹងទី២វិញ គឺក្រុមហ៊ុន Aire Technology Limited បានប្ដឹង Apple ថាបានរំលោភប៉ាតង់បច្ចេកវិទ្យា NFC ចំនួន៣ ក្នុងនោះ រួមមានទាំងបច្ចេកវិទ្យាកាបូលុយឌីជីថល (digital wallet) ថែមទៀតផង។ Aire Technology Limited បានបញ្ជាក់ថា ផលិតផល Apple ដែលប្រើប្រាស់មុខងារ Apple Pay គឺបានរំលោភលើប៉ាតង់ខ្លួន ដោយក្នុងនោះរួមមានទាំង iPhone និង Apple Watch។

ពាក់ព័ន្ធនឹងបណ្ដឹងចុងក្រោយនេះ ក្រុមហ៊ុន Aire Technology Limited បានទាមទារសំណងពី Apple ចំនួន៣គឺសំណងនៃការខូចខាត សំណងនៃថ្លៃការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងសំណងផ្លូវច្បាប់៕